កំពង់ឆ្នាំង៖ របាំងសាច់អួនមានប្រវែងវែងៗ ចំនួន១៨របាំង ត្រូវបានជនល្មើសដាក់ក្នុងរដូវបិទនេសាទនេះ គេឃើញមានចាប់ពីភូមិកំពង់រាំង ភូមិកោះកែវ រហូតដល់ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលរបាំងនីមួយៗមានប្រវែងចាប់ពីជាង៣០០ម៉ែត្រ រហូតដល់ជាង៦០០ម៉ែត្រ ។ ក្រៅពីរបាំងសាច់អួនវែងៗ ក៏មានរបាំងស្បៃមុងដែលជនល្មើសដាក់តាមប្របមាត់បឹងជាច្រើនខ្សែផងដែរ ក៏ប៉ុន្តែមិនទាន់មានការបង្ក្រាបនៅឡើយ។
បើតាមការបញ្ជាក់ពីប្រជានេសាទនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះបានអោយដឹងថា របាំងទាំង១៨ទីតាំងខាងលើនេះ គឺជនល្មើសបានដាក់ជាង១ខែមកហើយ មិនឃើញមានការបង្ក្រាបឡើយ ធ្វើអោយបទល្មើសនេសាទ នៅកើតមានខ្លះនៅឡើយ។ ទីតាំងដាក់បទល្មើសនេសាទចាប់ពីភូមិកំពង់រាំង រហូតដល់ភូមិថ្មកែវ ឃុំស្វាយជ្រុំនេះ គឺគេដាក់ជារៀងរាល់ឆ្នាំមិនថារដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ អោយតែទឹកឡើងលិចទំនាបក្បែរៗបឹង គឺគេចាប់ផ្តើមដាក់របាំងទាំងនោះតែម្តង។ ប្រជានេសាទលក្ខណៈគ្រួសារ មិនអាចទៅនេសាទនៅក្បែរៗរបាំងរបស់ពួកជនល្មើសទាំងនោះបានឡើយ គឺត្រូវនេសាទរាយមង សន្ទូច អោយឆ្ងាយពីរបាំងពួកគេ។
សូមរំលឹកថា បន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយអោយបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំរួចមក គេសង្កេតឃើញថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការចុះបង្ក្រាបជាហូរហែរ។ លទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទនេះ គឺបានចាប់ខ្លួនជនល្មើសជួយលុយកាក់ទិញឧបករណ៍ល្មើស និងទទួលទិញផលបទល្មើសនេសាទបានមួយចំនួន និងចាប់ជនប្រព្រឹត្តិបទល្មើសជាច្រើននាក់ អ្នកខ្លះជាប់ពន្ធនាគារ អ្នកខ្លះក៏រត់គេចខ្លួន អ្នកខ្លះទៀតបានរួចខ្លួនវិញ និងឈ្មួញធំៗជាច្រើននាក់ទៀតមិនបានជាប់ទោសទណ្ឌ ហើយនៅប្រកបមុខរបរដដែលនេះនៅឡើយ។
ប្រជានេសាទជាលក្ខណៈគ្រួសារ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្ក្រាបបទល្មើសនេសាទ និងជួយចំណាត់ការផ្លូវច្បាប់ជនជាឈ្មួញធំៗនៅពីក្រោយបទល្មើសនេសាទទាំងនោះផង ដើម្បីអោយទិន្នផលត្រីក្នុងដែននេសាទទឹកសាបកើនឡើងវិញដូចការរំពឹងទុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះថា ក្រោយសម្តេចតេជោអោយបង្ក្រាបបទល្មើសទ្រង់ទ្រាយធំនាពេលកន្លងមក ធ្វើអោយត្រីជាច្រើនប្រភេទមានការកើនឡើងវិញគួរអោយកត់សម្គាល់៕ អត្ថបទ៖ ហុង វាស្នា






