អ៊ីរ៉ង់៖ ការចរចាស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015 រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកគ្រោងនឹងចាប់ផ្ដើមឡើងវិញ ខណៈក្រុមតំណាងមកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកវិលត្រឡប់ទៅកាន់ទីក្រុងវីយ៉ែន ប្រទេសអូទ្រីស សម្រាប់ការពិភាក្សាជុំថ្មីដែលត្រូវបានសម្របសម្រួលដោយសហភាពអឺរ៉ុប។
អ្នកសម្របសម្រួលសម្រាប់ការចរចារបស់ប្លុកនេះលោក Enrique Mora បន្ថែមពីលើក្រុមអ្នកចរចាជាន់ខ្ពស់មកពីទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ជាទីដែលត្រូវបានគេរាយការណ៍ថា កំពុងវិលត្រឡប់ទៅកាន់រដ្ឋធានីរបស់ប្រទេសអូទ្រីសវិញកាលពីថ្ងៃពុធ សម្រាប់ការចរចាដោយប្រយោលដែលគេរំពឹងថា នឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះ។ ទម្រង់ដើមដែលរួមបញ្ចូលទាំងចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសដោយបង្កើតឲ្យមានគណៈកម្មការរួមមួយ ដែលបានចាប់ផ្ដើមការចរចាក្នុងការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីខែមេសា ឆ្នាំ2021 នឹងត្រូវបានជួបជុំគ្នាឡើងវិញ។
ប្រធានអ្នកចរចារបស់រុស្ស៊ីលោក Mikhail Ulyanov បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ការចរចានឹងបន្តឡើងវិញក្នុងពេលដ៏ខ្លី ហើយថាក្រុមអ្នកចរចារុស្ស៊ីបានត្រៀមការចរចាប្រកបដោយការស្ថាបនា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ៕
អត្ថបទ៖ សុខមាន