បាល់ទាត់៖ ក្រុមអង្គរថាយហ្គឺរបានបន្ថែម ៣ពិន្ទុទៀតហើយ ក្រោយយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទដោយលទ្ធផល ៣-២ លើទឹកដីរបស់ខ្លួនក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋាន SRU ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

ជំនួបដ៏តានតឹងនេះ អង្គរថាយហ្គឺរបានបើកការនាំមុខក្រុមភ្ញៀវ ៣គ្រាប់មុនដោយគ្រាប់ទី១ ធ្វើសម្រេចដោយកីឡាករ ឡុង ភារ៉ាត់ បន្ទាប់ពីអ្នកចាំទី ពេជ្រ ដារ៉ា ចាប់បាល់ក្រឡកនៅនាទី១៨ ខណៈគ្រាប់ទី២ រកបានដោយកីឡាករ Maksim Taleyko នៅនាទី២៤ និងគ្រាប់ទី៣ ធ្វើសម្រេចទីដោយកីឡាករ តាំង ពិសី ដែលញាក់ដាច់ខ្សែការពារ និងស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទី៣៧។ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ងាយៗ លោក ហោ សុខហេង បានផ្លាស់ប្ដូរកីឡាករមួយចំនួន រួមទាំងអ្នកចាំទី ពេជ្រ ដារ៉ា ដែលជំនួសដោយ គង់ រ៉ាហ្វាត់ និងខ្សែបម្រើ ឈិន ឈឿន ជាដើម។ ភ្លាមៗបន្ទាប់ពីអ្នកទាំងពីរប្ដូរចូល បានធ្វើឲ្យការប្រកួតប្រែប្រួល រហូតក្រុមកងយោធពលខេមរភូមិន្ទ វាយបកបាន ២គ្រាប់វិញនៅចុងវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Cristiano នៅនាទី៤៥+១ និងកីឡាករ ណារ៉ុងកក្កដា នៅនាទី៤៥+៣។

ឈានចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាមាវាយសម្រុកគ្នាកាន់តែខ្លាំង ប៉ុន្ដែមិនមានក្រុមណាអាចបន្ថែមគ្រាប់បាល់ទៀតឡើយ រហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយក្រុមអង្គរថាយហ្គឺរបានយកឈ្នះ ក្រុមកងយោធពលខេមរភូមិន្ទក្នុងលទ្ធផលបច្ចេកទេស ៣-២ សម្រាប់ជំនួបជើងទី១ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២១។ តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមអង្គរថាយហ្គឺរឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុក្នុងដៃ ជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ឡើយ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១ គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ បានរក្សាកៅអីលេខ៤ បណ្ដោះអាសន្នបន្ទាប់ពីឆ្លងកាត់ ៣ប្រកួតដូចគ្នា ឈ្នះ១ ស្មើ១ និងចាញ់១ រកបាន ៤ពិន្ទុ។
យ៉ាងណាមិញក្រោយចប់ការប្រកួតនេះ ក្រុមកងយោធពលខេមរភូមិន្ទនឹងបន្ដបេសកកម្មប្រកួតសប្ដាហ៍ទី៥ លើទឹកដីអង្គរទៀត ដោយត្រៀមជួបក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរវិញម្ដង នាថ្ងៃទី៥ ខែមេសាដើមសប្ដាហ៍ក្រោយនៅកីឡដ្ឋាន SRU ដដែល ខណៈក្រុមអង្គរថាយហ្គឺរត្រូវធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីតតាំងជាមួយក្រុមនគរបាលជាតិនាថ្ងៃទី០៧ ខែមេសាខាងមុខនៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា