ស្នូកឃ័រ៖ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានសហការជាមួយក្លិប LUX 98 រៀបចំពានរង្វាន់ថ្មីមួយទៀតហើយគឺការប្រកួតកីឡាប៊ីយ៉ាដណ្ដើមពានរង្វាន់ LUX98-POOL 9-Ball Open 2022 ដើម្បីស្វែងរកធនធានកីឡាករឆ្នើមៗបន្ថែម សម្រាប់ត្រៀមគោលដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក មូន ម៉ារ៉ា អគ្គលេខាធិការសហព័ន្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី០៣ ខែសីហាថា ពានរង្វាន់នេះគឺបើកទូលាយសម្រាប់កីឡាករខ្មែរ និងបរទេសដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសា POOL ជាវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសាផ្សេងទៀត ដែលសហព័ន្ធត្រៀមដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ តាមរយៈនេះលោករំពឹងថា ការប្រកួតប្រជែងនេះនឹងអាចវាស់ស្ទង់សមត្ថភាព និងស្មារតីរវាងកីឡាករកម្ពុជា និងបរទេស ហើយសហព័ន្ធនឹងអាចសម្រិតសម្រាំងបាននូវធនធានកីឡាករជ័យលាភីឆ្នើមៗ សម្រាប់បណ្ដុះបណ្ដាលបន្ថែម ហើយឈានទៅមានឱកាសចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជា ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។
ដំណាលគ្នាផងដែរ កញ្ញា ហេង ចាង តំណាងក្លិប LUX 98 បានសម្ដែងនូវសេចក្ដីរីករាយដែលទទួលបានការគាំទ្រពីសហព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា LUX98-POOL 9-Ball Open 2022 ដោយកញ្ញារំពឹងថា នឹងមានការគាំទ្រ ក៏ដូចជាការចូលរួមច្រើនពីសំណាក់កីឡាករជាតិ និងអន្ដរជាតិ។ លើសពីនេះ ក្លិបក៏បានប្ដេជ្ញារៀបចំព្រឹត្តិការណ៍បែបនេះយ៉ាងហោច ១ឆ្នាំ ២ដងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ពានរង្វាន់ LUX98-POOL 9-Ball Open 2022 គ្រោងចាប់ផ្ដើមការប្រកួតផ្លូវការនាថ្ងៃទី១៣ ខែសីហាខាងមុខនៅក្លិបកីឡាប៊ីយ៉ាភូល និងស្នូកឃ័រ LUX 98 ច្បារអំពៅ ខណៈការទទួលពាក្យចូលរួមគឺបានបើកបន្ទាប់ពីធ្វើសន្និសីទសារព័ត៌មានរួច ដោយគណៈកម្មការអនុញ្ញាតឲ្យមានការចុះឈ្មោះចូលរួមប្រកួតដោយសេរី មិនថាកីឡាករក្នុងស្រុក ឬបរទេសឡើយ ដោយការប្រកួតនឹងគោរពតាមបញ្ជាការប្រកួតរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា និងសហប័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រអាស៊ី៕
អត្ថបទ៖ លី ឈុនឡា