ភ្នំពេញ៖ គយ និងរដ្ឋាករ នៅក្នុងឆមាសទី១នេះ ប្រមូលចំណូលសម្រេចបានសម្រេចបានជាង ៥០% នៃផែនការច្បាប់ ឆ្លុះបញ្ជាំងពីតម្រូវប្រើប្រាស់ ក្នុងស្រុកនិងសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ១៩។
របាយការណ៍ចំណូលនេះ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ នេះគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥ ២៥៩ ប៊ីលានរៀល ស្មើជាង ១ ២៩៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុង ឆមាសទី១ ឆ្នាំ២០២១, ដោយលទ្ធផលនេះ គឺសម្រេចបាន ៥០,២%នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ដោយឡែកទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២២នេះវិញ, ការនាំចេញផលិតផលកាត់ដេរ មានចំនួនជិត ៦ ៥៦២ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១ ៨៤០ លានដុល្លារអាមេរិក ស្មើនឹង ៣៩%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួនជាង ២ ៦៥៩ លានដុល្លារអាមេរិក កើនឡើងជាង ៧៥៩ លានដុល្លារអាមេរិក ស្មើនឹង ៤០%។ ចំណែកការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងជាង ១៦០ លានដុល្លារអាមេរិក ស្មើជាង ១០%៕ អត្ថបទ៖ សុន រ៉ាឌី