ភ្នំពេញ៖ គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២ ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ប្រទេសចិនផ្តល់ជូនកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៧ ប៊ីលានដុល្លារមេអាមេរិក ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លើកឡើងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នេះថា ការគាំទ្ររបស់សាធារណៈរដ្ឋប្រជាមាននិតចិន ដើរតួយ៉ាងសំខាន់នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម ជាពិសេសរួមចំណែកទាក់ទាញវិនិយោគ ជម្រុញការនាំចេញ បង្កើតការងារ លើកកម្ពស់ការអប់រំ និងជំនាញ លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតបការប្រែប្រួលអាការធាតុ និងបរិស្ថានជាដើម។
ចំណែកឥណទាន សម្បទានរបស់ប្រទេសចិន ត្រូវបានកម្ពុជាយកទៅប្រើប្រាស់ និងគាំទ្រគម្រោងនៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់វិស័យដឹកជញ្ជូនបានស្រូបយកហិរញ្ញប្បទានធំជាងគេ ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេចំនួន ៨ ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿនប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។
ឯកឧត្តម បន្តថា ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងកំពុងប្រឈមបញ្ហាជាច្រើន បង្ករឡើងដោយវិបត្តិនៃជំងឺកូវីដ ១៩, សាធារណៈរដ្ឋចិននៅតែបន្តដល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅរួមចំណែកលើកកម្ពុជាសុខភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងក្នុងឆ្នាំ ២០២២ នេះ គម្រោងឯកភាពសម្រាប់កម្ពុជាមានចំនួន ១២ ស្មើនឹងទំហំទឹកប្រាក់ ៤ ៥៧២ លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងសាងសង់ហេដ្ឋារចនាដឹកជញ្ជូន គឺស្ថិតនៅក្នុងបញ្ជីនៃក្របខណ្ឌរួមអភិវឌ្ឍន៍ជាផ្លូវការ៕ អត្ថបទ៖ សុន រ៉ាឌី