ពិភពលោក៖ ពិភពលោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង អំពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបង្កហេតុ និងបង្កអស្ថិរភាព។ ដោយមិនបានយកចិត្តទុកដាក់ចំពោះការប្រឆាំងខ្លាំងក្លារបស់ភាគីចិន លោកស្រី Pelosi បានមកធ្វើទស្សនកិច្ចនៅតំបន់កោះតៃវ៉ាន់របស់ប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសស្តីទីប្រទេសទីម័រខាងកើត បានរំលឹកឡើងវិញនូវមិត្តភាពរបស់ប្រទេសលោកជាមួយប្រទេសចិនថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់កោះតៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន។ ឧបការីអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់និយាយថា ប្លុកនេះគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសប៉ាគីស្ថានបានបង្ហាញការព្រួយបារម្ភ ជុំវិញការផ្លាស់ប្តូរស្ថានភាពឆ្លងកាត់ច្រកសមុទ្រ។ ក្រសួងបានជំរុញឱ្យប្រទេសនានាប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
ក្រសួងការបរទេសគុយបាបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងកម្រិតខ្ពស់ជាមួយកោះតៃវ៉ាន់។ ក្រសួងបានចាត់ទុកទង្វើរនេះថា ជាការបង្កហេតុ និងបង្កអស្ថិរភាព។ ទន្ទឹមនឹងនេះ ប្រទេសវ៉េណេស៊ុយអេឡាបាននិយាយថា ទង្វើរនេះជាការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន៕
អត្ថបទ៖ ប៊ុនថន