កីឡារាំ៖ ដោយសារវិបត្តិកូវីដ-១៩ ក្រុមកីឡារាំជម្រើសជាតិកម្ពុជាបានបង្ខំចិត្តធ្វើការហ្វឹកហាត់តាម Online នៅផ្ទះរៀងៗខ្លួនដើម្បីសុវត្ថិភាព និងការពារជំងឺរាតត្បាតដ៏សាហាវនេះផង និងដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ នេះផង។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជាក់ថា មកទល់ពេលនេះ ក្រុមជម្រើសជាតិកម្ពុជាមិនទាន់មានការប្រមូលផ្ដុំនោះទេ តែសហព័ន្ធបានបែងចែកកម្មវិធីហាត់តាមផ្ទះ ដើម្បីធ្វើការហ្វឹកហាត់តាម Online ឬវីដេអូ ។ យ៉ាងណាមិញការហ្វឹកហាត់បែបនេះបានបង្កផលលំបាកច្រើន ពិសេសក្រុមគ្រូបង្វឹកដែលពិបាកក្នុងការពិនិត្យមើល បច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។
ទន្ទឹមជាមួយគ្នា បន្ទាប់ពីស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ធូរស្រាល សហព័ន្ធក៏មានផែនការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមផងដែរ ខណៈព្រឹត្តិការណ៍ប្រចាំតំបន់នេះ គ្រោងប្រកួតចាប់ពីថ្ងៃទី២១ ខែវិច្ឆិការហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនៅទីក្រុងហាណូយ៕
អត្ថបទ៖ លី ឈុនឡា