ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានបានអនុញ្ញាតឱ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកប្រធានមូលនិធិដឹកនាំគណៈប្រតិភូ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ចំពោះ លោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ជាមួយនឹងប្រជាជនកម្ពុជា និងជាមូលដ្ឋានដល់ការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ក្នុងអំឡុងពេលដែលគណៈប្រតិភូស្នាក់នៅប្រទេសកម្ពុជានាពេលនេះ បានមើលឃើញអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។លោក Kim Jung Namក៏បានបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងផ្តល់មនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា រយៈពេល៤ឆ្នាំនេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕ អត្ថបទ ៖បាន ចក់



