ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា នាទីស្តីការក្រសួងព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺអុតស្វា។
ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ដោយទទួលបានការអនុញ្ញាតដ៏ឧត្តុង្គឧត្តមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីប្រគល់ និងទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។
ឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងទៀតថា កម្ពុជា និងសហព័ន្ធរុស្សី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង អាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចិរភាព និងផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ។ សម្រាប់ថ្ងៃនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី បានបង្កើតនូវកាលានុវត្តភាពថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបានដាក់ជំងឺអុតស្វា ជាបញ្ហាសុខភាពសាធារណៈសកល។
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានករណីជំងឺអុតស្វា តែ១ករណីគត់ ជាករណីនាំចូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ។
ការផ្តល់ជំនួយកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួមចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនរុស្សី ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជាពិសេស ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជា និង Russian State Research Center of Virology and Biotechnology VECTOR ដែលជាក្រុមហ៊ុនផលិតកញ្ចប់តេស្តរកវីរុសអុតស្វានេះ៕



