ភ្នំពេញ៖ ឯកឧត្តម ស៊ូប្រាម៉ានីយ៉ាម ចៃសាំងការ (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សកិច្ចតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី០៣ ខែសីហា ម្សិលមិញ។
គណៈប្រតិភូឥណ្ឌា បានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងសារមន្ទីរវាយភណ្ឌ ប្រពៃណីអាស៊ី ដែលអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានលើកឡើងថា ឆ្នាំ២០២២ ជាឱកាសក្នុងការពង្រឹងទំនាក់ទំងវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ប្រយោជន៍ដល់ប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា។ គិតត្រឹមឆ្នាំនេះ កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងការទូតជាមួយគ្នា រយៈពេល ៧០ឆ្នាំ ហើយ។
ឯកឧត្តម បានបញ្ជាក់ថា ប្រាសាទបុរាណនៅខេត្តសៀមរាប ដែលបានសាងសង់ឡើងនៅសតវត្សរ៍ ទី១០នេះ គឺជាភស្តុតាង នៃទំនាក់ទំនងប្រវត្តិសាស្រ្ត និងអរិយ្យធម៌ពាក់ព័ន្ធគ្នា ។ ឥណ្ឌា មានតួនាទីយ៉ាង សំខាន់ក្នុងការស្តារ និងអភិរក្សប្រសាទនានា ដែលធ្វើឱ្យទំនាក់ទំនងកាន់តែល្អលើផ្នែកទេសចរណ៍ ជំនួញ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ កម្ពុជា និងឥណ្ឌា មានអរិយ្យធម៌ស្រដៀងគ្នា តាំងពីរាប់ពាន់ឆ្នាំមុន។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងឆ្នាំ២០០២ នៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកម្ពុជា បានជួយសាងសង់សារមន្ទីរ Ganga Agent Traditional Textile នៅខេត្តសៀមរាប ដោយធ្វើពិធីបញ្ចុះបឋមសិលានៅឆ្នាំ២០១០ និងបានបើក សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ២០១៤។ នៅពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមស្រាវជ្រាវបុរាណ វិទ្យាឥណ្ឌា (ASI) បានជួយជួសជុលប្រាសាទតាព្រហ្មបានយ៉ាងល្អប្រសើរ ដោយបានទទួលការវាយតម្លៃ ខ្ពស់ពី ICC Angkor និងប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តម បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ជាពិសេសកម្ម វិធី Cambodia Tourism | Roadshow នៅប្រទេសឥណ្ឌា ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ៕
អត្ថបទ៖ ឈិត សាវី