
ភ្នំពេញ៖ ឯកឧត្តម អាន់តូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងនូវការកោតសរសើរចំពោះ ភាពជាអ្នកដឹកនាំ អាស៊ានរបស់កម្ពុជា។
ឯកឧត្តម អង់តូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងបែបនេះនៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្ដេចបានអនុញ្ញាតឲ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី៤ ខែសីហានេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម អាន់តូនី ប្លីនខេន បានថ្លែងអំណរអរគុណកម្ពុជាក្នុងភាពដឹកនាំប្រធានអាស៊ាន ក៏ដូចជាការផ្តល់ដីឱ្យអាមេរិកសង់ស្ថានទូត និងកិច្ចការដែលសម្តេចទៅប្រជុំនៅវ៉ាស៊ីនតោនដោយជោគជ័យ និងកិច្ចការជាច្រើនទៀត ដែលសម្តេចបានធ្វើប្រកបដោយគុណធម៌អនុញ្ញាតឱ្យកប៉ាល់វ៉េសស្ទ័រដាមចូលចត ដែលមានជនជាតិអាមេរិក នៅក្នុងកប៉ាល់នោះរួមទាំងលើកឡើងពីបញ្ហារុស្ស៊ី អ៊ុយក្រែននិងបញ្ហារុករកអិដ្ឋធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា និងបញ្ហានៅមីយ៉ាន់ម៉ាជាដើម។
ជាការឆ្លើយតប សម្ដេចតេជោបាន សម្តែងការរីករាយនិងស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ប្លីនខេន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។
សម្ដេចបានសម្ដែងការរីករាយចំពោះលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកដែលសម្តេចបានអញ្ជើញទៅចូលរួមកាលពីខែឧសភាឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា ធុរជនអាមេរិកកន្លងទៅនៅរដ្ឋធានីវ៉ាស៊ីនតោន។
សម្ដេចបានមានប្រសាសន៍ថា៖ការអនុញ្ញាតឱ្យកប៉ាល់ westerdam ចូលចតនោះជាការងារមនុស្សធម៌។ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យចូលចតទេ នោះប្រជាជននៅលើកប៉ាល់ត្រូវដាច់ស្បៀង ដាច់ទឹកនឹងឈានទៅដល់មានគ្រោះមហន្តរាយដល់អាយុជីវិត ព្រោះមិនមានប្រទេសណាអនុញ្ញាតឱ្យចូលចតក្រៅពីកម្ពុជានោះឡើយ។
ចំពោះករណីបោះឆ្នោត គាំទ្រសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិលើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន នោះជាគោលការណ៍ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពនយោបាយរបស់ប្រទេសជាសមាជិកអង្គការ សហប្រជាជាតិទាំងអស់។កម្ពុជាអំពាវនាវឱ្យមានបទឈប់បាញ់គឺចរចាគ្នាដោយសន្តិវិធី និងការអត់ធ្មត់ ជាទីបំផុត។
ជាមួយនេះសម្ដេច បានស្នើឲ្យមានការពិនិត្យ ឡើងវិញអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលទណ្ឌកម្មនេះមិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលរួមទាំងកម្ពុជាផងដែរ។
ពាក់ព័ន្ធការស្វែងរកអិដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅអំឡុងសង្រ្គាម កម្ពុជាបានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមហើយកម្ពុជានៅតែបន្តសហការលើការងារមនុស្សធម៌នេះ។
កម្ពុជាមាន ការសោកស្ដាយនិងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន ៤រូបថ្មីៗនេះនៅប្រទេសមីយ៉ាន់ម៉ាហើយកម្ពុជាបានធ្វើប្រតិកម្មតាមរយ:ការចេញសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន នៅថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២២។
ទោះជាយ៉ាងនេះក៏ដោយកម្ពុជានៅតែប្ដេជ្ញាចិត្តខិតខំជួយដល់ប្រទេសមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពនិងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។ ជាទីបញ្ចប់សម្ដេចតេជោ បានថ្លែងអំណរគុណដល់ហរដ្ឋអាមេរិក ដែលដរាបរៀងមកបានជួយដល់កម្ពុជា ការងារមនុស្សធម៌ ការបញ្ជូនវ៉ាក់សាំងដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការជួយដល់ការងារវប្បធម៌និងបេតិកភណ្ឌតាមរយៈការបញ្ជូនវត្ថុបុរាណមកឲ្យកម្ពុជាវិញនឹងការជួយលើវិស័យដទៃទៀតដល់កម្ពុជាដូចជាវិស័យអប់រំ និងបរិស្ថានជាដើម៕



