បាល់ទាត់៖ ដរាបណា Joan Laporta ជាប់ឆ្នោតជាប្រធានក្លឹប Barcelona អ្នកគាំទ្រដឹងថា រឿងល្អៗនឹងកើតឡើង។ ជាមួយគ្នានោះក៏មានសារព័ត៌មានបានចុះផ្សាយ ពីការប្រទះឃើញឪពុករបស់ Erling Haaland គឺលោក Alf-Inge Haaland រួមជាមួយ Mino Raiola ដែលជាភ្នាក់ងារទិញដូរកីឡាករកំពូលម្នាក់បានទៅដល់ទីក្រុង Barcelona។

បើតាមការចុះផ្សាយ Mino Raiola និងឪពុក Haaland បានមកដល់ទីក្រុង Barcelona ដើម្បីពិភាក្សាពីគម្រោងថ្មីរបស់លោក Laporta គឺចាប់ផ្តើមការចរចានាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland។ Haaland ត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយ Barcelona អស់រយៈពេលពីរបីខែមកហើយ។ ក្រុមយក្សនៅអេស្ប៉ាញមួយនឹងត្រូវទទួលប្រជែងជាមួយក្លិបផ្សេងទៀតដូចជា Manchester City, Chelsea, Manchester United និង Real Madrid សម្រាប់ការចុះហត្ថលេខានាំយកកីឡាករជំរើសជាតិណ័រវេយរូបនេះ។
Erling Haaland ត្រូវបានគេដឹងថា Dortmund ដាក់តម្លៃផ្ទេរចេញប្រមាណ ១៥០លានអឺរ៉ូ បូករួមទាំងតម្លៃផ្តាច់កុងត្រា ៧៥លានអឺរ៉ូផ្សេងទៀត។ សូមបញ្ជាក់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ Erling Braut Haaland បានផ្លាស់ពីក្លិបអូទ្រីស RB Salzburg មកកាន់ Borussia Dortmund ឆ្នាំ ២០២០ ដោយស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ប្រកួតមកដល់ពេលនេះ៕
អត្ថបទ៖នាង សុភាវុធ