ភ្នំពេញ៖បញ្ហាសេវាទូរស័ព្ទ ជាបញ្ហាមានការរិះគន់ច្រើន ជាពិសេសនៅតាមបុរីក្នុងរាជធានីភ្នំពេញ ដែលពុំមានសេវាទូរស័ព្ទប្រើប្រាស់ក្នុងការទំនាក់ទំនងបាន។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថានឹងផ្ដល់សេវាទូរស័ព្ទគ្រប់គ្រាន់ ជូនប្រជាបលរដ្ឋតាមបុរី ត្រឹមឆ្នាំ២០២៤។ យ៉ាងណាម៉ិញ គឺទាមទារឱ្យមានការចូលរួម ពីម្ចាស់បុរី និងប្រជាពលរដ្ឋជាចាំបាច់។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់នៅដំណោះស្រាយបញ្ហាសេវាទូរស័ព្ទ ជូនប្រជាពលរដ្ឋរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ នេះជាបញ្ហាប្រឈមមួយដែលកំពុងមានការរិះគន់ច្រើន ខណៈសេវាទូរស័ព្ទនៅតាមបុរី មិនអាចប្រើប្រាស់ក្នុងការទំនាក់ទំនងបាន។ ឯកឧត្តម ជា វ៉ានដេត ធានាអះអាងថា ត្រឹមឆ្នាំ២០២៤ គឺនឹងមានសេវាទូរស័ព្ទគ្រប់គ្រាន់ ល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមបុរី ។
ឯកឧត្តមបន្តថា ខណៈពេលនេះក្រុមការងារពិសេសរបស់ក្រសួងប្រៃសណីយ៍ បានចុះធ្វើការជាមួយតាមបុរី បានប្រមាណ ៦០ បុរីហើយ ខណៈបុរីទាំងអស់នៅរាជធានីភ្នំពេញ មានជាង ១០០ បុរី។ ស្របនឹងការអះអាងនេះ ឯកឧត្តមស្នើសុំឱ្យមានកិច្ចសហការជាចាំបាច់ ពីម្ចាស់បុរី និងប្រជាពលរដ្ឋរស់នៅក្នុងបុរី។ ដំណោះស្រាយ គឺនឹងមានការសាងសង់អុងតែន នៅខាងក្នុងរឺនៅខាងក្រៅបុរី ដើម្បីសម្រួលលើរឿងសេវាទូរស័ព្ទនេះ។
ពាក់ព័ន្ធនឹងរឿងបុរីដែលនឹងសាងសង់ថ្មីវិញ ក្រសួងប្រៃសណីយ៍ គឺនឹងធ្វើការជាមួយក្រសួងរៀបចំដែនដី ដើម្បីកំណត់ឱ្យមានការរៀបចំ ធ្វើយ៉ាងណាធានានូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍នេះ មុននឹងផ្ដល់សិទ្ធិសាងសង់។
ការធានារឿងផ្ដល់សេវាគ្រប់គ្រាន់នៅតាមបុរីនេះ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ឱ្យម្ចាស់បុរី និងប្រជាពលរដ្ឋរស់នៅក្នុងបុរីត្រូវសហការ។ ចំពោះម្ចាស់បុរីដែលមិនផ្ដល់កិច្ចសហការ គឺនឹងមានវិធានការផ្លូវការ។ ចំពោះប្រជាពលរដ្ឋ ឯកឧត្តមស្នើសុំឱ្យរុះរើ ឧបករណ៍ពង្រីកសេវា ដើម្បីក្រុមការងារពិសេសរបស់ក្រសួង អាចប្រើប្រាស់ម៉ាស៊ីន ដើម្បីវាស់វែងកម្រិតសេវា ដើម្បីទទួលបានទិន្នន័យពិតប្រាកដមួយ។ ក្រសួងប្រៃសណីយ៍ ក៏នឹងមានកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីចុះរុះរើ ឧបករណ៍ស្រូបសេវា ផងដែរ ដើម្បីពន្លឿនការងារឱ្យបានលឿន។ អត្ថបទ៖ គឹមហុក