បាល់ទាត់៖ ក្រសួងទេសចរណ៍បានរៀបចំ "ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ" ដែលមានកីឡាករវ័យចំណាស់កម្ពុជាចំនួន ២១នាក់ កីឡាករវ័យចំណាស់ថៃ ឡាវចំនួន ១១០នាក់ និងកីឡាករវ័យចំណាស់វៀតណាមចំនួន ២០នាក់។
ការបង្កើតព្រឹត្ដិការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ដើម្បីពង្រីកនូវផលិតផលទេសចរណ៏ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្ដាប្រទេសតាមដងទន្លេមេគង្គ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់វ័យចំណាស់មេគង្គនាពេលនេះ បានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ជាពិសេសបានចូលរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ស្របតាម Road Map និងផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលទើបប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ។ ឯកឧត្ដមបានបន្ដថា ក្រៅពីគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ២០២៣ "Visit Cambodia Next 2023” ព្រឹត្តិការណ៍នេះក៏នឹងចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្សព្វផ្សាយនូវយុទ្ធនាការ "កីឡាដើម្បីទាំងអស់គ្នា" ឬ "Sport for All" ដែលទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ដែលមានគោលបំណងបំផុសយុទ្ធនាការ "ប្រជាជនម្នាក់ លេងកីឡាមួយមុខ ឆ្ពោះទៅម្ចាស់ផ្ទះស៊ីហ្គេម២០២៣ និងបណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅមិនថា ពួកគាត់ជាអត្តពលិកអាជីព ឬអ្នកលេងកីឡាដើម្បីសុខភាពនោះទេ ពោលគឺបញ្ជ្រាបនូវស្មារតីកីឡា ចំណេះដឹង ចលនាអូឡាំពិកទៅដល់ស្រទាប់មហាជននានា ជាពិសេសកីឡាបាល់ទាត់វ័យចំណាស់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយម ជាប្រភេទកីឡាទេសចរណ៍កម្សាន្តលក្ខណៈមហាជន ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយ សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាបមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់វ័យចំណាស់មេគង្គកម្ពុជា ថៃ ឡាវ វៀតណាម ដែលបង្ហាញឱ្យឃើញថា កម្ពុជាមានសុខសន្តិភាពពេញលេញ និងជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការជួបគ្នាក្នុងវិស័យកីឡានេះ ជាណងមិត្ដភាពយូរអង្វែងនៃប្រទេសតំបន់ទន្លេមេគង្គ។ ឯកឧត្ដមបន្ដថា ការលេងកីឡាបាននាំមកនូវសុខភាពល្អ និងកាយសប្បទារឹងមាំ នាំមកនូវសាមគ្គីភាពមិត្តភាពល្អ កីឡានាំមកនូវវិន័យល្អ កីឡានាំមកនូវភាពឈ្លាសវៃរហ័សរហួន៕
អត្ថបទ៖ សៀមរាប