សហរដ្ឋអាមេរិក៖ សមយុទ្ធយោធាចិននៅក្បែរឆ្នេរសមុទ្រកោះតៃវ៉ាន់ បានជំរុញឲ្យកងទ័ពអាកាសសហរដ្ឋអាមេរិកផ្អាកការសាកល្បង នៃការវាយបកនុយក្លេអ៊ែររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។

មីស៊ីលបាលីស្ទីកអន្តរទ្វីប Minuteman III ឬ (ICBM) គ្រោងបាញ់សាកល្បងពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California ប៉ុន្តែត្រូវបានរាយការណ៍ថាបានផ្អាកទៅវិញ ដើម្បីបញ្ចៀសការបញ្ឆេះភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀតជាមួយក្រុងប៉េកាំង។ ការពន្យាពេលនេះត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Wall Street Journal ដោយសំអាងដល់ប្រភពមិនបញ្ចេញឈ្មោះពីក្រុមមន្ត្រីក្រសួងការពារជាតិអាមេរិក។ លោកវរសេនីយ៍ត្រី Patrick Ryder នៃកងទ័ពអាកាសដែលជាអ្នកនាំពាក្យមន្ទីរបញ្ចកោណ ដែលទើបតែងតាំងថ្មីបាននិយាយថា ការសាកល្បងនេះនឹងផ្អាករហូតដល់ចុងខែនេះ។
ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Wall Street Journal ថា នេះជាការសាកល្បងដែលបានគ្រោងទុកជាយូរមកហើយ ប៉ុន្តែត្រូវបានពន្យាពេលដើម្បីរំងាប់ការយល់ច្រឡំនានា ដែលបានបង្កឲ្យមានសកម្មភាពរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់។ កាលពីថ្ងៃព្រហស្បតិ៍ ទីបញ្ជាការសម្របសម្រួលខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើមសមយុទ្ធយោធាដ៏ធំក្នុង ៦ទីតាំងជុំវិញកោះនេះ ដែលរួមទាំងការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរាប់សិបគ្រាប់។ សមយុទ្ធនេះត្រូវបានបង្ហាញយ៉ាងទូលំទូលាយថា ជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមសប្ដាហ៍នេះ ដែលក្រុងប៉េកាំងថ្កោលទោសថាជាការបង្ករឿង៕
អត្ថបទ៖ សុខមាន