ចិន៖ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Taipei និងបានប្ដូរទិសដៅដោយប្រើប្រាស់ផ្លូវផ្សេងទៀត ជិតដែនអាកាសដែលបានបិទចំពោះការធ្វើចរាចរណ៍ស៊ីវិល អំឡុងសមយុទ្ធយោធាចិនដែលបង្កឡើងដោយសារដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

ចិនបានពង្រាយយន្តហោះ និងបាញ់មីស៊ីលគ្រាប់ពិតជាច្រើនជិតកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការធ្វើសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃអាទិត្យសប្ដាហ៍នេះក្នុង ៦ទីតាំងឡោមព័ទ្ធភាគច្រើននៃដែនទឹករបស់កោះនេះ។ ដែនអាកាសនេះបានប៉ះពាល់តិចតួច ប៉ុន្តែការផ្អាកការហោះហើរកំពុងរំខានការធ្វើដំណើររវាងតំបន់អាស៊ី-អាគ្នេយ៍ និងអាស៊ីឦសាន។ ក្រុមហ៊ុន Air Lines Co Ltd របស់កូរ៉េខាងត្បូងនិយាយថា ខ្លួនបានលុបចោលជើងហោះហើររវាងទីក្រុង Seoul និង Taipei នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែក និងអាចពន្យាពេលដល់ថ្ងៃអាទិត្យសប្ដាហ៍នេះព្រោះសមយុទ្ធនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines Ltd និយាយថា ខ្លួនបានលុបចោលជើងហោះហើររវាង Singapore និង Taipei ដោយសារការរឹតត្បិតដែនអាកាស និងបន្តតាមដានស្ថានការណ៍ក្រែងមានប្រែប្រួលដ៏ចាំបាច់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍នានាបាននិយាយថា ក្រុមហ៊ុន ANA Holdings Inc និង Japan Airlines Co Ltd នៅតែកំពុងប្រតិបត្តិការជើងហោះហើរទៅកាន់ទីក្រុង Taipei ដូចធម្មតា។ ប៉ុន្តែកំពុងវាងដែនអាកាសដែលបានប៉ះពាល់ព្រមទាំងលើផ្លូវទៅទីក្រុង Hong Kong និងអាស៊ី-អាគ្នេយ៍។ ក្រុមហ៊ុន Cathay Pacific Airways Ltd របស់ Hong Kong បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជើងហោះហើររបស់ខ្លួនកំពុងជៀសពីតំបន់ដែនអាកាសដែលបានបង្កើតជុំវិញកោះតៃវ៉ាន់ ជាវិធានការមួយដែលអាចឈានដល់ការអនុញ្ញាត ឲ្យមានពេលវេលាហោះហើរបន្ថែមទៀតសម្រាប់ជើងហោះហើរមួយចំនួន៕
អត្ថបទ៖ សុខមាន