បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចក្នុងការនាំយកខ្សែបម្រើវ័យក្មេងអង់គ្លេស Carney Chukwuemeka តម្លៃ ២០លានផោនពី Aston Villa។ កីឡាករវ័យ ១៨ឆ្នាំរូបនេះគឺជាសមាជិករបស់ក្រុមជំរើសជាតិអង់គ្លេសអាយុក្រោម ១៩ឆ្នាំដែលគ្រងជើងឯកបាល់ទាត់អឺរ៉ុបអាយុក្រោម ១៩ កាលពីខែកក្កដាកន្លងទៅក្រោយយកឈ្នះអ៊ីស្រាអែលនៅវគ្គផ្តាច់ព្រ័ត្រ ៣-១។

Chukwuemeka ដែលស៊ុតបញ្ចូលមួយគ្រាប់ក្នុងម៉ោងបន្ថែមនោះបានចុះហត្ថលេខារយៈពេល ៦ឆ្នាំនៅ Stamford Bridge។ Carney Chukwuemeka ដែលបានបង្ហាញខ្លួន ១២ប្រកួតរដូវកាលមុនជាមួយ Aston Villa នោះបានបដិសេធសំណើបន្តកិច្ចសន្យាថ្មីជាមួយក្លិបក្នុងគោលបំណងចង់ចាកចេញពីក្លិប ស្របពេលមានការចាប់អារម្មណ៍ផងដែរពីក្លិបធំៗដូចជា Barcelona, AC Milan និង Borussia Dortmund។ Chelsea បច្ចុប្បន្នក៏ខិតជិតដល់កិច្ចព្រមព្រៀងផងដែរក្នុងការនាំយកខ្សែការពារ Marc Cucurella ពី Brighton ដែលទើបបដិសេធសំណើ ៣០លានផោនពី Manchester City៕
អត្ថបទ៖នាង សុភាវុធ