ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខណៈពេលដែលការនាំចេញផលិតផលកសិកម្មមានកំណើនទាប។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ដោយក្នុងនោះ ការនាំចេញផលិតកាត់ដេរកើន ៣៩ភាគរយ និងផលិតផលមិនមែនកាត់ដេរកើន ៤០ភាគរយ ។
របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។
ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សំលៀកបំពាក់ជាដើម មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ កើនឡើង ៣៩ភាគរយ ។
ចំណែកការនាំចេញផលិតផលមិនមែនកាត់ដេរដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ ។
ចំណែកឯការនាំចេញផលិតផលកសិផលមានតម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែលកើនឡើង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។
សូមបញ្ជាក់ កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមានតម្លៃ ១១,៣៧ពាន់លានដុល្លារ ខណៈការនាំចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ៕អត្ថបទ៖ ស៊ុន រ៉ាឌី

