ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បានសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្តេចទទួលបាននូវ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថានជាតិបណ្តុះបណ្តាលបញ្ញវន្តខ្មែរជាច្រើនជំនាន់ និងមានភាពចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជានោះ។
ការប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍» ជូនដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ចំថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល៧១ ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
ឯកឧត្តមយឿន យឿត បានថ្លែងថា ការប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍» ជូនដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព គុណបំណាច់ និងបង្ហាញឱ្យឃើញកាន់តែច្បាស់ពីគុណវុឱ្យផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសកម្ពុជានារយៈពេល៣៧ឆ្នាំកន្លងទៅនេះ ពោលគឺសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែឈរជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៅគ្រប់ដំណាក់កាលទាំងអស់ នាំឱ្យប្រជាជាតិ និងប្រជាជនកម្ពុជា ទទួលបាននូវ “សន្តិភាព" ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសឯកឧត្តម ក៏បានយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គលវិប៉ុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វិណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់



