ភ្នំពេញ៖ កម្ពុជា គ្រោងនឹងដាក់សំណើរលើការបើកលេខាធិការដ្ឋានកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាគ្រោងដាក់សំណើរបង្កើតលេខាធិការដ្ឋាន RCEP ទៅកាន់ប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងអាសិប ដើម្បីបង្កើតលេខាធិការដ្ឋាននេះ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងសន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី៣ ខែសីហា សម្តេចមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបានកំពុងរៀបចំគម្រោសំណើលម្អិតទៀតផង។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថា ការបង្កើតលេខាធិការដ្ឋានអាសិបនេះ នឹងធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងនេះកាន់តែលើប្រសើរ។
ចូលជាធរមានកាលពីខែមករាឆ្នាំនេះ អាសិប ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និង បង្កើតទីផ្សារនៃមនុស្ស ២.២ ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោកជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) សរុបចំនួន ២៦.២ ពាន់ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀតនៃ RCEP មានចំនួនសរុប ៣.២៨ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ ជា វណ្ណៈ


