UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១ ខែមេសា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សា ទៅលើក្រុមអ្នកតវ៉ាដោយស្ងៀមស្ងាត់ និងការស្លាប់ជនស៊ីវិលរាប់រយនាក់នៅសហភាពមីយ៉ាន់ម៉ា ប៉ុន្តែបានបន្ធូរបន្ថយការគំរាមកំហែងនៃសកម្មភាព ដែលអាចកើតមាននាពេលអនាគតប្រឆាំងនឹងយោធា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។

សេចក្តីប្រកាសព័ត៌មានដែលពង្រាងដោយចក្រភពអង់គ្លេស បានអនុម័តដោយសមាជិកក្រុមប្រឹក្សាទាំង ១៥នាក់ បន្ទាប់ពីការចរចាដ៏តានតឹងដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាព កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនៅសហភាពមីយ៉ាន់ម៉ា និងបានស្នើឡើងជាថ្មីម្តងទៀត ឲ្យមានការអំពាវនាវពីក្រុមប្រឹក្សានេះឲ្យយោធា “រក្សាការអត់ធ្មត់ឲ្យបានច្រើនបំផុត”។ ពង្រាងសេចក្តីស្នើច្បាប់ដំបូង គឺខ្លឹមសារពេញលេចជាង និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពិចារណាលើជំហានបន្ថែមទៀត ដែលអាចរួមបញ្ចូលទាំងការដាក់ទណ្ឌកម្មផងដែរ។ សេចក្ដីព្រាងច្បាប់នេះក៏បានសម្ដែងការសោកស្ដាយផងដែរ ចំពោះការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា ដោយស្ងៀមស្ងាត់ និងបានថ្កោលទោសក្នុងការបង្ក្រាបដ៏សាហាវបំផុត រហូតដល់មានការសម្លាប់ជនស៊ីវិលរាប់រយនាក់ពីសំណាក់កងកម្លាំងសន្តិសុខ។
ដោយការថ្លែងសុំមិនបញ្ចេញឈ្មោះ ក្រុមអ្នកការទូតរបស់ក្រុមប្រឹក្សានេះបាននិយាយថា ប៉ុន្តែតាមការទទូចរបស់ចិនឯកសារយោងចំពោះ “ជំហ៊ានបន្ថែមនានា” ត្រូវបានលុបចោល ហើយការប្រើប្រាស់ភាសាធ្ងន់ជាងមុនរួមមានពាក្យថា “សម្លាប់” និង “សោកសៅ” ត្រូវបានដកចេញនៅក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយនេះ៕
អត្ថបទ៖ សុខមាន