សហរដ្ឋអាមេរិក៖ អាជ្ញាធររដ្ឋ Pennsylvania បាននិយាយថា អគ្គិភ័យបានឆាបឆេះលំនៅឋានមួយខ្នងកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សធំ ៧នាក់ និងកុមារ ៣នាក់ស្លាប់ និងបានធ្វើឲ្យរន្ធត់ចិត្តយ៉ាងខ្លាំងដល់អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ ដែលបានមកពន្លត់ភ្លើងដែលដឹងថា ជនរងគ្រោះជាគ្រួសាររបស់គាត់។

អាជ្ញាធរនិយាយថា ការស៊ើបអង្កេតជុំវិញអគ្គិភ័យកំពុងធ្វើឡើង។ នគរបាលរដ្ឋ Pennsylvania និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កុមារដែលបានស្លាប់នៅក្នុងអគ្គិភ័យមានអាយុចន្លោះពី ៥, ៦ និង ៧ឆ្នាំ។ អ្នកពន្លត់អគ្គិភ័យបាននិយាយថា ជនរងគ្រោះទាំង ១០នាក់គឺជាក្រុមគ្រួសារតែមួយ ខណៈមានមនុស្ស ១៤នាក់នៅក្នុងលំនៅឋាននេះនៅពេលកើតមានអគ្គិភ័យ ដែលអាជ្ញាធរបាននិយាយថា មនុស្សមួយចំនួនអាចគេចចេញពីលំនៅឋានឆាបឆេះដោយសុវត្ថិភាព។ អ្នកជិតខាងបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះខ្លាំង មុនពេលឃើញរានហាលខាងមុខផ្ទះមាន អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ៕
អត្ថបទ៖ ប៊ុនថន