រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃសុក្រថា រុស្ស៊ី និងទួរគីនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅទីក្រុង Sochi។
ជំនួបរបស់មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា ផ្តោតលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយប្រទេសទួរគី ការរំពឹងទុកសម្រាប់កិច្ចពិភាក្សាការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពនៅក្នុងប្រទេសស៊ីរី។ លោក Putin បានអរគុណលោក Erdogan ដែលបានជួយក្នុងការចរចាកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដោយបានលើកឡើងពីសារៈសំខាន់សម្រាប់ប្រទេសជាច្រើនជុំវិញពិភពលោក។
កាលពីខែមុន ប្រទេសទួរគី និងអង្គការសហប្រជាជាតិបានជួយកិច្ចព្រមព្រៀងសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ២២លានតោន និងផលិតផលកសិកម្មផ្សេងទៀត ដែលជាប់គាំងនៅកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនចាប់តាំងពីទីក្រុងមូស្គូ បានបញ្ជូនទាហានចូលប្រទេសនេះជាង ៥ខែកន្លងទៅនេះ។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យរុស្ស៊ីនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនផងដែរ។ លោក Putin បានសរសើរប្រទេសទួរគីសម្រាប់ការផ្តល់ការផ្ទេរឧស្ម័នរុស្ស៊ី ដោយគ្មានផលប៉ះពាល់ទៅកាន់ទីផ្សារអឺរ៉ុបតាមរយៈបំពង់ TurkStream ដែលហៅថា បំពង់បង្ហូរសំខាន់សម្រាប់ការផ្តល់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប៕
អត្ថបទ៖ ប៊ុនថន