ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ មានលទ្ធផលវិជ្ជមានជាច្រើន។កិច្ចប្រជុំនេះ ចាប់ផ្តើមពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នៅថ្ងៃទី០៦ខែសីហានេះ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីការបរទេស បានថ្លែងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺបានពិនិត្យពីវឌ្ឍនភាពអាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងពិភាក្សារបញ្ហានៅក្នុងតំបន់ និងក្រៅតំបន់។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំ គឺអាស៊ានបានឯកភាពគ្នាលើចំណុចជាច្រើនរួមមាន៖ដាក់ឲ្យដំណើរការមូលនិធិអាស៊ានដើម្បីឆ្លងតបទៅនឹងជំងឺកូវីដ-១៩ ដោយអាស៊ានបានប្តេជ្ញារួមគ្នាអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានចូលជាធរមាននៅដើមឆ្នាំនេះ និងជំរុញការតភ្ជាប់នៅក្នុងតំបន់តាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ជាដើម។
នៅឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។ កិច្ចប្រជុំនេះ គឺមានថ្នាក់រដ្ឋមន្រ្តីការបទេសចូលរួមជិត ៤០ ប្រទេស៕ អត្ថបទ៖ទូច សោភ័ណ






