កែប៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ មានលទ្ធភាពគ្រប់គ្រាន់ក្នុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញដោយខ្លួនឯង ក្នុងអត្រាកំណើនជាង៥% នៅឆ្នាំ២០២២ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៦% ទោះជួបវិបត្តកូវីដ១៩ និងសង្គ្រាមរុស្ស៊ី និងអ៊ុយគ្រែនក៏ដោយ។
ថ្លែងនៅក្នុងពិធីសម្ភោជាផ្លូវការ អគារសាខាពន្ធដារ ខេត្តកែប នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ក្នុងនោះកម្ពុជា ក៏បានប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មានផងដែរ កំណើនសេដ្ឋកិច្ចបានធ្លាក់ទៅកំណើនអវិជ្ជមាន រហូតដល់ (ដក) - ៣,១% ។
តែទោះជាយ៉ាងក្តី បើប្រៀបធៀបផលប៉ះពាល់ជាមួយបណ្តាប្រទេសផ្សេងៗលើពិភពលោក កម្ពុជានៅមានកម្រិតទាប ហើយបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានចក្ខុវិស័យ និងទស្សនៈគំនិតវែងឆ្លាយ ក្នុងភាពជាមេដឹកនាំគំរូ បានប្រែក្លាយឧបសគ្គ និងបញ្ហាប្រឈម ឲ្យទៅជាឧកាស និងអាចទ្រសភាពការបានទាន់ពេលវេលា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បច្ចុប្បន្នតាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ក្នុងអត្រាកំណើនខ្ពស់ ដោយគ្មានការពឹងពាក់ពីប្រទេសជិតខាងនោះទេ។ ពិសេសជាងនេះទៅទៀត ទោះជួបវិបត្តិថ្មី សង្គ្រាម រុស្ស៊ី និងអ៊ុយគ្រែនក្តី ក៏កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចខ្លួន ងើបឡើងវិញក្នុងកំណើនខ្ពស់បានដែរ៕អត្ថបទ អន សារឹម