UN៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅដែនដីប៉ាឡេស្ទីនគ្រប់គ្រងដោយអ៊ីស្រាអែលនិយាយថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់រងការឡោមព័ទ្ធមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងគ្មានការទទួលខុសត្រូវទៀតផង ដោយអំពាវនាវឲ្យមានដំណោះស្រាយការទូត ដើម្បីបញ្ចប់អំពើហិង្សាដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ នៅពេលអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើទីក្រុង Gaza។

លោក Francesca Albanez បានប្រាប់សារព័ត៌មាន Al Jazeera ថា ស្ថានភាពនៅតំបន់ Gaza ស្ទើរតែបង្កឲ្យមានវិបត្តិមនុស្សធម៌។ មធ្យោបាយតែមួយគត់ដើម្បីធានាសុខុមាលភាពប្រជាជនជាតិប៉ាឡេស្ទីន គឺត្រូវដកការហ៊ុមព័ទ្ធគ្រប់ទីកន្លែង និងអនុញ្ញាតឲ្យដឹកជញ្ជូនជំនួយចូលទៅដល់ទីនោះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Tom Nides បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ យើងកំពុងធ្វើការជាមួយភាគីផ្សេងៗ និងជំរុញឲ្យគ្រប់ភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់។ លោក Albanez បានរិះគន់សហរដ្ឋអាមេរិកដែលនិយាយថា ខ្លួនជឿថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ លោកថា អ៊ីស្រាអែលមិនអាចអះអាងថា ខ្លួនកំពុងការពារខ្លួនឯងក្នុងជម្លោះនេះបានទេ៕
អត្ថបទ៖ សុខមាន