ភ្នំពេញ៖ នៅថ្ងៃនេះ ក្រោយក្រសួងសុខាភិបាលប្រកាស មិនមានអ្នកឆ្លងថ្មី និងបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្តែងការត្រេកអរ ប៉ុន្តែ ពួកគាត់នៅមិនភ្លេចអំពីការរស់នៅរបៀបថ្មី ដើម្បីការពារ និងបង្ការពីជំងឺកូវីដនៅឡើយទេ។
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី១១ ខែកញ្ញានេះ ដោយបានសម្តែងភាពសប្បាយរីករាយ និងត្រេកអរបំផុតដែលរាជរដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់ការឆ្លង និងព្យាបាលជាសះស្បើយជូនអ្នកជំងឺទាំងអស់ ជាងនេះទៅទៀតពួកគាត់ បានលើកឡើងថា ការរស់នៅតាមរបៀបថ្មី ដោយការពាក់ម៉ាស លាងដៃ និងអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់នៅតែជាកត្តាចាំបាច់ ប្រសិនវ៉ាក់សាំងនៃជំងឺកូវីដ១៩នៅមិនទាន់បានរកឃើញ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។
ទន្ទឹមគ្នានេះ តាមរយៈផេកហ្វេកបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាល ដែលនៅក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាលជំងឺកូវីដ–១៩ ដែលមានអ្នកជំងឺ ២៧៤នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ–១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ–១៩អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃនេះថា ករណីអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ១៩ ចុងក្រោយគេបង្អស់ដែលបានរកឃើញនៅកម្ពុជា ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយ ហើយទន្ទឹមនឹងនោះ ក៏ពុំមានករណីកូវីដ–១៩ ថ្មី ត្រូវបានរកឃើញនាថ្ងៃនេះនៅកម្ពុជាផងដែរ៕ អត្ថបទ៖ ឧត្តម
