បាល់ទាត់៖ ការប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្ដភាពវ័យចំណាស់មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនៅពហុកីឡាដ្ឋានខេត្តសៀមរាបត្រូវបានបិទបញ្ចប់កាលព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី០៤ ខែសីហា។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាបមានប្រសាសន៍ថា ក្រុមកីឡាចូលរួមប្រកួតមានក្រុមកីឡាករកម្ពុជាចំនួន ២០នាក់ និងក្រុមកីឡាករបរទេសមាន ៣ក្រុមក្នុងនោះថៃចំនួន ៧២នាក់ ក្រុមកីឡាករឡាវចំនួន ៣៩នាក់ ក្រុមកីឡាករវៀតណាមចំនួន ១៨នាក់សរុបចំនួន ១៥០នាក់។ យោងរបាយការណ៍បច្ចេកទេសបានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរយៈនៃការប្រកួត យ៉ាងស្វិតស្វាញនៅលើទីលានប្រកួត ក្រុមកីឡាករបានអនុវត្តបានល្អក្នុងការប្រកួតដោយឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេស និងចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព។ ឯកឧត្តម តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ក្រុមកីឡាករទាំង ៤ប្រទេសដែលជាប្រទេសជាប់ទៅដោយដីសណ្ដទន្លេមេគង្គ ប្រៀបបានជាប្រទេសសរសៃឈាមតែមួយ ដោយទទួលផលប្រយោជន៍រួមគ្នាពីអាងទឹកទន្លេមេគង្គ ដែលមានប្រភពធ្លាក់មកពីទីបេ។
ឯកឧត្តមបានបញ្ជាក់ថា ការប្រកួតកីឡាជាមិត្តភាពនេះបានបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅពីចំណងមិត្តភាពនៃប្រទេសនៅដងទន្លេមេគង្គ កាន់តែមានភាពរឹងមាំឡើងថែមទៀត។ ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME - ASEAN PARA GAME 2023 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ៕
អត្ថបទ៖ សៀមរាប