ចិន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រលឿង និងសមុទ្រ Bohai។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្របាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា សមយុទ្ធនៅសមុទ្រ Bohai នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៨ ខែសីហានេះដល់ថ្ងៃទី៨ ខែកញ្ញា ចំណែកសមយុទ្ធមួយទៀតនៅសមុទ្រលឿងបានធ្វើកាលពីថ្ងៃទី៧ និងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហានេះ។ ក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត ជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះស្វ័យគ្រប់គ្រងមួយនេះដែលរងការព្រមានធ្ងន់ៗពីចិន។
ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្ដាច់ខ្លួន ទោះបីក្រុងតៃប៉ិបានគ្រប់គ្រងកោះនេះចាប់តាំងពីឆ្នាំ១៩៤៩ ក៏ដោយ។ ចិនបានប្ដេជ្ញាបង្រួបបង្រួមឡើងវិញជាមួយកោះនេះ រួមទាំងការប្រើប្រាស់កម្លាំងក្នុងករណីចាំបាច់៕
អត្ថបទ៖ សុខមាន