បាល់ទាត់៖ ក្លិប Wolverhampton បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការនាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Guedes ពីក្លិបអេស្ប៉ាញ Valencia ក្នុងតម្លៃ ២៧.៥លានផោន។
កីឡាករវ័យ ២៥ឆ្នាំរូបនេះនឹងហោះហើរមកកាន់ទឹកដីអង់គ្លេសថ្ងៃនេះ ដើម្បីពិនិត្យសុខភាពមុនចុះហត្ថលេខារយៈពេលវែងនៅទឹកដី Molineux។ Goncalo Guedes តាមពិតទៅជាគោលដៅរបស់លោក Bruno Lage កន្លងមក ស្របពេលខ្សែប្រយុទ្ធជួរមុខសញ្ជាតិម៉ិកស៊ិក Raul Jimenez មានរបួស។ Guedes ដែលអាចលេងទាំងប្រយុទ្ធស្លាប និងប្រយុទ្ធជួរមុខបានចាប់ផ្តើមអាជីពនៅ Benfica មុនពេលផ្លាស់ទៅកាន់ Paris Saint Germain។
ក្រោយមកក៏បានផ្លាស់ទៅ Valencia នៅឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចីមុនពេលទិញផ្តាច់មួយឆ្នាំបន្ទាប់ ពោលគឺបង្ហាញខ្លួនសរុបឱ្យ Valencia បាន ១១៣ប្រកួតរកបាន ២៣គ្រាប់ និងត្រូវបានកោះហៅចូលក្រុមជំរើសជាតិព័រទុយហ្កាល់ដំបូងតាំងពីឆ្នាំ២០១៥ បង្ហាញខ្លួនបាន ៣២លើករកបាន ៧គ្រាប់។ Wolves ចាប់ផ្តើមរដូវកាល English Premier League ចាញ់នៅទឹកដី Leeds ២-១៕
អត្ថបទ៖នាង សុភាវុធ