កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានបន្តសំណូមពរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធជួយពិនិត្យមើលលើបច្ចេកទេស នៃការចែកចាយទឹកស្អាតរបស់ក្រុមហ៊ុនអានកូផង ព្រោះក្នុងឆ្នាំ២០២២នេះ នៅពេលពួកគាត់បើកទឹកស្អាតប្រើប្រាស់ក្នុងគ្រួសារ តែងតែជួបប្រទះឃើញទឹកល្អក់ ទឹកមានកករដី ប្រៀបបានទឹកទន្លេជាញឹកញាប់ ដោយមិនដឹងមូលហេតុ ហើយករណីបែបនេះ គឺមានរយៈពេលជិត ១ឆ្នាំមកហើយ មិនទាន់មានការដោះស្រាយនៅឡើយ។

ប្រជាពលរដ្ឋបន្តថា ចំពោះថវិការបង់ថ្លៃសេវាទឹកស្អាតនេះ ពួកគាត់មិនដែលខ្វះមួយរៀលណាឡើយ តែសុំធ្វើយ៉ាងណា អោយទឹកស្អាតដែលពួកគាត់កំពុងតែប្រើប្រាស់នេះ ជាទឹកសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់សុខភាពពួកគាត់ទៅចុះ។
ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាតដែលប្រជាពលរដ្ឋបានជួបប្រទះទឹកកករល្អក់នេះ លោក ទិត្យ វង្សវិសាល ប្រធានមន្ទីរឧស្សាហកម្ម បានអោយដឹងថា លោកក៏ធ្លាប់ទទូលបានព័ត៌មានពីប្រជាពលរដ្ឋ ហើយលោកតែងតែដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យដល់ទីតាំងផលិតទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ដើម្បីពិនិត្យទៅលើបច្ចេកទេស និងការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់។ ពាក់ព័ន្ធនឹងបច្ចេកទេសនៅទីតាំងផលិតទឹកស្អាតរបស់ក្រុមហ៊ុន គឺមិនមានអ្វីខុសទាស់នោះឡើយ ក៏ប៉ុន្តែក្រុមការងាររបស់មន្ទីរបានរកឃើញបញ្ហាមិនប្រក្រតីមួយចំនួនដែលធ្វើអោយទឹកស្អាតប្រែជាកករល្អក់ ដោយសារតែការជួសជុលផ្លូវ ការជីកកាយដាក់ប្រព័ន្ធលូ ឬប្រព័ន្ធបណ្តាញផ្សេងៗ ធ្វើអោយប៉ះពាល់ទៅដល់ទុយយោទឹកស្អាត(ទុយយោមេ)បែកធ្លុះធ្លាយ ដីចូលក្នុងប្រព័ន្ធទុយយោចែកចាយទឹកស្អាត នាំអោយទឹកថ្លាប្រែជាកករល្អក់តែម្តង។ លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធ ពេលជីកគាស់កាយចិញ្ចើមផ្លូវ សូមផ្តល់ដំណឹង ឬសហការជាមួយក្រុមហ៊ុនទឹកស្អាតអានកូ ដើម្បីជៀសវាងការជីកគាស់កាយប៉ះចំទុយយោទឹកស្អាត នាំអោយប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខុមាលភាពប្រជាពលរដ្ឋ។
ចំណែកលោក ញ៉យ កាន់ ប្រធានគ្រប់គ្រងទឹកស្អាតរបស់ក្រុមហ៊ុនអានកូបានបញ្ជាក់ថា រៀងរាល់ថ្ងៃ លោកតែងពិនិត្យមើលប្រព័ន្ធផលិតទឹកស្អាតជាប្រចាំ ហើយក្រុមហ៊ុនបានបំពាក់នូវម៉ាស៊ីនចំរោះថ្មីបន្ថែម មិនមានបញ្ហាអ្វីទាក់ទងនឹងបច្ចេកទេសនៅទីតាំងផលិតទឹកស្អាតឡើយ។ ក៏ប៉ុន្តែនៅរដូវប្រាំង លោកទទួលស្គាល់ថា ពិតជាអាចមានបញ្ហាល្អក់ម្តងម្កាលពីទីតាំងផលិតទឹកស្អាតមែន ក៏ព្រោះនៅរដូវប្រាំងតែទឹកទន្លេរាក់ និងកខ្វក់ខ្លាំង។ លោកបានសំណូមពរដល់ក្រុមការងារជីកចិញ្ចើមថ្នល់គ្រប់កន្លែងជួយសហការជាមួយក្រុមការងារទឹកស្អាតផង ដើម្បីកុំអោយប៉ះពាល់ដល់ប្រព័ន្ធទុយយោទឹកស្អាតដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់៕ អត្ថបទ៖ ហុង វាស្នា



