ស្វាយរៀង៖ បើទោះជាជំងឺកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង បានស្ងប់ស្ងាត់ចម្លងចូលសហគមន៍ ឬនៅ តាមរោងចក្រ សហគ្រាស ក៏ពិតមែន តែវិធាន៣ការពារ និង៣កុំ ត្រូវបានកម្មករ កម្មការិនី នៅ តាមរោងចក្រ សហគ្រាស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន មុនពេលចេញចូលបម្ររើការងារ។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានប្រាប់ BTVថា កម្មករ កម្មការិនី នៅខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ បានបន្តអនុវត្តវិធានការ សុខាភិបាល ពិសេស វិធានការ ៣ការពារ និង៣កុំ បានយ៉ាងខ្ជាប់ខ្ជួន តាមរយៈពាក់ម៉ាស លាង សម្អាតដៃ មុនពេលចូលបម្រើការងារ និងពេលជួបជុំគ្នានៅក្រៅបរិវេណ ពិសេសនៅលើមធ្យោបាយដឹកជញ្ជូន ពេលចូលទៅបម្រើការងារ និងពេលចេញពីបម្រើការងារ វិលត្រឡប់មកជួបជុំ គ្រួសារវិញ ។
លោក បានបញ្ជាក់បន្ដថា កម្មការ កម្មការិនី បានយល់ដឹងថា ការពាក់ម៉ាស នៅកន្លែងជួប ជុំគ្នាច្រើន អាចកាត់បន្ថយការចម្លងជំងឺផ្សេងៗ ក្រៅពីជំងឺកូវីត-១៩ បានខ្លះដែរ ទើបពួកគេបាន បន្តអនុវត្តការពាក់ម៉ាសមកបែបនេះ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ខេត្តស្វាយរៀង បន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតឲ្យ មានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង ហើយបាននឹងកំពុងដំណើរការចំនួន៩ទីតាំង ដោយមានកម្មករកម្មការិនីបម្រើការងារ ជាង៩ម៉ឺននាក់ ហើយនៅក្នុងវិបត្តិជំងឺកូវីដ-១៩ កម្មករកម្មការិនី ប្រមាណតែ១ ឬ២ភាគរយ ប៉ុណ្ណោះ ដែលបានឆ្លង៕
អត្ថបទ៖ ភា សារិត