បាត់ដំបង៖ វិធានការសុខាភិបាលនៅតាមបណ្ដាច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានរឹតបន្តឹង ជាប់ជាប្រចាំដែលជាហេតុនាំឱ្យទប់ស្កាត់បានការនាំចូលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ដែលក្នុងរយៈពេលចុងក្រោយនេះ មិនមានរកឃើញអ្នកឆ្លងដែនចេញចូលប្រទេសថៃ មានឆ្លងជំងឺកូវីដ-១៩ ឬអុតស្វាឡើយ។
លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្ត បាត់ដំបង បានឱ្យដឹងថា មន្រ្តីប្រចាំការនៅច្រកព្រំដែន បានបន្តរឹតបន្តឹងវិធានការសុខាភិបាលលើអ្នកដំណើរជាប់ជាប្រចាំដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងជំងឺឆ្លង ថ្មីៗជាពិសេសជំងឺអុតស្វា។
លោក ឃឹម ទិព្វមុនី បានឱ្យដឹងទៀតថា មន្រ្តីប្រចាំការនៅច្រកព្រំដែន តែងតែត្រួតពិនិត្យកាតចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំរុញឱ្យអ្នកដំណើរ ដែលមិនទាន់បានចាក់ដូសជំរុញ រួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នា។
ជាពិសេសក្នុងករណីរកឃើញអ្នកមិនទាន់បានចាក់គ្រប់ដូសតាមដំណាក់កាល មន្រ្តីចត្តា ឡីស័ក បានបញ្ជូនពួកគេទៅចាក់នៅតាមមណ្ឌលសុខភាព ដែលនៅជិតបំផុត។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ ចំពោះអ្នកដំណើរត្រូវចេញទៅប្រទេសថៃ តម្រូវឲ្យមានលិខិតឆ្លងដែនមានសុពលភាព ឬប័ណ្ណព្រំដែន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីពីរ ដូសឡើងទៅ ហើយចំពោះឯកសារ ដែលតម្រូវពីមុន ត្រូវបានលើកលែងទាំងអស់៕
អត្ថបទ៖ នឿត សុភក្ត្រ


