ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា បច្ចុប្បន្ន អ្នកផលិត ត្រូវយល់ដឹងឲ្យបានខ្ពស់ពីតម្រូវការទីផ្សារ និងអ្នកទិញចង់បានអ្វី ហើយអាជីវកម្ម ប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារ។
ក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក កាលពីចុងសប្ដាហ៍មុននេះ នៅក្នុងខេត្តកំពង់ចាម ឯក ឧត្ដម សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តអ្នកផលិតទាំងអស់ ក្នុងខេត្តកំពង់ចាម ផ្គត់ផ្គង់ផលិតផលខ្លួនឲ្យ ទាន់តម្រូវការក្នុងមូលដ្ឋានខ្លួន រួចទើបអាចចែកចាយបន្តទៀត ដោយត្រូវចេះយល់ពីតម្រូវការទីផ្សារ អ្នក ទិញចង់បានផលិតផលបែបណា ទាំងគុណភាព បរិមាណ ដោយមិនប៉ះពាល់សុខភាព។
ឯកឧត្ដម បានបន្ថែមទៀតថា វេទិកាមួយនេះ អាចធ្វើឲ្យការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញត្រូវ ការអ្វី ក្នុងរបរប្រចាំថ្ងៃ និងអាចឲ្យអ្នកផលិតស្វែងរកដៃគូរសហការបានយ៉ាងល្អ ក្នុងការគាំទ្រផលិតផល ខ្មែរ ។
ម្ចាស់អាជីវកម្ម និងសហគ្រាសក្នុងខេត្តកំពង់ចាម បានលើកឡើងដែរថា ក្រោយពីទទួលវគ្គបណ្តុះ បណ្តាលមួយនេះ ពួកគេអាចទទួលបានបទសោធន៍ថ្មីៗទៀត ហើយអាចពង្រីកទីផ្សារបានល្អ នៅពេលផលិតផលរបស់ពួកគេត្រូវស្តង់ដារ មិនប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព និង ទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៅពេលនេះ គឺមានការចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធ ម្ចាស់ អាជីវកម្ម សហគ្រាស សិប្បករ និងតំណាងផ្សារទំនើប សណ្ឋាគារ ក្នុងខេត្ត ដើម្បីយល់ដឹងពីតម្រូវការ រវាង គ្នា ទាំងការផលិត និងការបញ្ជាទិញទៅលក់បន្តទៀត៕ អត្ថបទ៖ ថុង សីហា