វាយកូនគោល៖ កីឡាការិនីអាហ្វ្រិកខាងត្បូង Ashleigh Buhai បានក្លាយជាជើងឯកនៃការប្រកួតវាយកូនគោលពានរង្វាន់ធំរបស់ស្ត្រី AIG Women’s Open ដែលជាជើងឯកលើកដំបូងក្នុងអាជីព។

ចាប់ផ្តើមថ្ងៃចុងក្រោយដោយមាន ៥ស្ត្រូកនាំមុខគេ កីឡាការិនីវ័យ ៣៣ឆ្នាំរូបនេះមិនអាចរក្សាការនាំមុខរបស់ខ្លួនរហូតដល់ចប់ការប្រកួតឡើយ ពោលគឺធ្វើមិនបានល្អនៅថ្ងៃចុងក្រោយបណ្តោយឱ្យកីឡាការិនីកូរ៉េ In Gee Chun តាមស្មើវិញជាមួយនឹងលទ្ធផល ១០អាន់ឌើផាដូចគ្នា។ យ៉ាងណាក្តី Ashleigh Buhai ក៏បានយកឈ្នះវិញនៅវគ្គ Play-Off បន្ថែមឡូរកជើងឯក។ Ashleigh Buhai បានក្លាយជាកីឡាការិនីអាហ្វ្រិកខាងត្បូងទី១ ផងដែរដែលឈ្នះជើងឯកកម្មវិធីធំ Women’s Open នេះតាំងពីឆ្នាំ១៩៧៩ និងទទួលបានប្រាក់រង្វាន់ជាង ១លានដុល្លាអាមេរិកក្នុងនាមជាជើងឯក។
សូមបញ្ជាក់ថា Open Championship ជាកម្មវិធីវាយកូនគោលធំប្រចាំឆ្នាំចុងក្រោយគេក្នុងឆ្នាំនេះ។ កញ្ចប់ប្រាក់រង្វាន់ឆ្នាំមុនគឺ ៥.៨លានដុល្លារអាមេរិក ខណៈឆ្នាំនេះមានការបង្កើនប្រាក់រង្វាន់ ២៦% ដល់ ៧.៣លានដុល្លារ។ ឆ្នាំ២០២១ កន្លងទៅកីឡាការិនីវ័យ ៣៤ឆ្នាំស៊ុយអែត Anna Nordqvist គឺជាជើងឯកដោយទទួលបានប្រាក់រង្វាន់ ៨៧ម៉ឺនដុល្លារ៕
អត្ថបទ៖នាង សុភាវុធ