ជប៉ុន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃចន្ទនេះបានព្រមានជាថ្មីប្រឆាំងអាវុធនុយក្លេអ៊ែរ រយៈពេលពីរថ្ងៃបន្ទាប់ពីលោកបានចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី77 នៃការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
លោក Guterres បានថ្លែងទៅកាន់ក្លឹបអ្នកសារព័ត៌មានជាតិជប៉ុននៅទីក្រុងតូក្យូថា នេះគឺជាពេលដែលហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអែរត្រលប់មកវិញ ជារឿងដែលយើងបានបំភ្លេចចោលអស់ជាច្រើនទសវត្សរ៍មកហើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានបន្តអង្វរ ដល់រដ្ឋមានអាវុធនុយក្លេអ៊ែរឲ្យប្តេជ្ញាចិត្តថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេ និងមិនត្រូវប្រើប្រាស់ ឬគំរាមកំហែងដល់រដ្ឋគ្មាននុយក្លេអ៊ែរ តាមរយៈការប្រើប្រាស់នុយក្លេអ៊ែរដោយតម្លាភាពពេញលេញទាក់ទងនឹងឃ្លាំងអាវុធរបស់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង និងការគំរាមកំហែងនុយក្លេអ៊ែរត្រលប់មកវិញដែលត្រូវផ្តោតការយកចិត្តទុកដាក់។
ប្រធានអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ បានចូលរួមពិធីនៅឧទ្យានសន្តិភាព Hiroshima ដើម្បីប្រារព្ធខួប។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើកដំបូង របស់ពិភពលោកទៅលើទីក្រុង Hiroshima នៅថ្ងៃទី6 ខែសីហា ឆ្នាំ1945 ដោយបានបំផ្លាញទីក្រុង និងបណ្តាលឲ្យមនុស្ស 140,000នាក់ស្លាប់។ ប្រទេសនេះបានទម្លាក់គ្រាប់បែកលើកទីពីររយៈពេលបីថ្ងៃក្រោយមកលើទីក្រុង Nagasaki បណ្តាលឲ្យមនុស្ស 70,000នាក់បន្ថែមទៀតស្លាប់។ ការព្រួយបារម្ភនៃការទម្លាក់គ្រាប់បែកបរមាណូលើកទីបី បានកើនឡើងក្នុងពេលមានការគំរាមកំហែងរបស់រុស្ស៊ីក្នុងការវាយប្រហារនុយក្លេអ៊ែរ ចាប់តាំងពីសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែនចាប់ផ្តើមកាលពីខែកុម្ភៈ៕
អត្ថបទ៖ ប៊ុនថន