ចិន៖ ទីក្រុងប៉េកាំងបាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់អាចជាផ្នែកមួយ នៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងបំណងបង្កើតលេស ដើម្បីដាក់ពង្រាយយោធារបស់ខ្លួនបន្ថែមទៀតមកកាន់តំបន់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបង់ក្លាដែស និងបានចេញផ្សាយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា មានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើល្បិចចាស់របស់ខ្លួនឡើងវិញ។ អ្នកការទូតរូបនេះបានបញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមានប្រវត្តិបង្កើតបញ្ហាជាមុន ហើយក្រោយមកប្រើប្រាស់បញ្ហានោះធ្វើឲ្យផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្លាយជាការពិតនៅទីដទៃទៀតនៅលើសកលលោក។ យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកមានតួនាទីក្នុងតំបន់គួរតែប្រឆាំងនឹងការបង្កើនវត្តមានយោធា របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានក្រើនរំលឹកទីក្រុងវ៉ាស៊ីនតោនថា កោះតៃវ៉ាន់មិនមែនជាផ្នែករបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែជាទឹកដីរបស់ប្រទេសចិន ហើយតាមរយៈការផ្តល់ភ្លើងខៀវចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi សហរដ្ឋអាមេរិកមិនបានរក្សាសន្យាក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបូរណភាពទឹកដីរបស់ប្រទេសចិន។
លោក Wang Yi បានបន្តអធិប្បាយអំពីការឆ្លើយតបខ្លាំងក្លារបស់ប្រទេសចិន ដែលស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀតរួមមានការដាក់ទណ្ឌកម្មថា ជាការស្របច្បាប់ សមហេតុផល ចាំបាច់ បើកចំហ និងសមស្រប។ លោកបានបន្ថែមថា វិធានការក្នុងការចោទប្រកាន់គឺមានបំណងរារាំង ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកមិនឲ្យប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីគ្រប់គ្រងប្រទេសចិន។ អ្នកការទូតកំពូលរបស់ប្រទេសចិនបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានចូលរួមការលើកលែងទោសដល់កងកម្លាំងផ្តាច់ខ្លួន ដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់។ ក្នុងនាមជាមនុស្សលំដាប់ទីបីក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី Pelosi បានរួមកម្លាំងជាមួយក្រុមផ្តាច់ខ្លួនហើយប្រឆាំងប្រជាជនចិន។ លោក Wang Yi បានចាត់ទុកគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃថា ជាច្បាប់មាសសម្រាប់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ៕
អត្ថបទ៖ ប៊ុនថន