វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Daniil Medvedev បានគ្រងជើងឯកនៅក្នុងក្របខណ្ឌ ATP លើកដំបូងក្នុងឆ្នាំ២០២២ នេះក្រោយយកឈ្នះកីឡាករអង់គ្លេស Cameron Norrie នៅវគ្គផ្តាច់ព្រ័ត្រលើកពាន Los Cabos Open នៅម៉ិកស៊ិក។

កីឡាកររុស្ស៊ីរូបនេះបានយកឈ្នះអ្នកការពារតំណែងជើងឯកឆ្នាំមុន Cameron Norrie ដើម្បីលើកពានដំបូងតាំងពីឈ្នះជើងឯក US Open ឆ្នាំមុន។ តាំងពីពេលនោះមកកីឡាករវ័យ ២៦ឆ្នាំរូបនេះបានរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រចំនួន ៥កម្មវិធី តែការប្រកួតនៅ Los Cabos នេះមិនចាញ់សូម្បីមួយសិតតាំងពីជុំដំបូង។ ដំណើរជាបន្តទៀតសំរាប់ Daniil Medvedev ដើម្បីត្រៀមលក្ខណៈសំរាប់ Grand Slam, US Open នៅចុងខែនេះគឺរូបគេនឹងចូលរួមការប្រកួតការពារជើងឯក Canadian Open និង Cincinnati Masters។
ស្រដៀងគ្នានេះដែរកីឡាករអូស្ត្រាលី Nick Kyrgios បានបញ្ចប់ការខកខានឈ្នះជើងឯករបស់ខ្លួនក្រោយយកឈ្នះកីឡាករជប៉ុន Kei Nishikori នៅវគ្គផ្តាច់ព្រ័ត្រលើកពាន Citi Open នៅសហរដ្ឋអាមេរិក។ ជ័យជំនះរបស់ជើងឯករង Wimbledon រូបនេះគឺជាជើងឯកនៅក្នុងក្របខណ្ឌ ATP Tour ដំបូងរបស់គេរាប់តាំងពីឆ្នាំ២០១៩ ដែលឈ្នះជើងឯកនៅ Washington DC។ ជាមួយគ្នានោះដែរកីឡាករវ័យ ២៧ឆ្នាំរូបនេះក៏មិនចាញ់សូម្បីមួយសិតនៅ Citi Open នេះបូករួមទាំងជ័យជំនះ ៦-៤ និង ៦-៣ នៅវគ្គផ្តាច់ព្រ័ត្រនេះ។ នេះជាការត្រៀមលក្ខណៈមួយយ៉ាងល្អសំរាប់ Nick Kyrgios មុនព្រឹត្តិការណ៍ Grand Slam, US Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ