ចិន៖ យោធារបស់ប្រទេសចិនបានប្រកាស ការធ្វើសមយុទ្ធយោធាថ្មីនៅថ្ងៃចន្ទនេះនៅលើសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីការបញ្ចប់តាមការគ្រោងទុកនៃសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដើម្បីតវ៉ាប្រឆាំងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនមកកាន់ទីក្រុងតៃប៉ិ របស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi។
ទីបញ្ជាការសម្របសម្រួលភាគខាងកើតរបស់ប្រទេសចិនបាននិយាយថា ទីបញ្ជាការនឹងធ្វើសមយុទ្ធរួមដែលផ្តោតលើប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រ ដោយអះអាងការព្រួយបារម្ភរបស់អ្នកវិភាគសន្តិសុខ និងអ្នកការទូតមួយចំនួនថា ទីក្រុងប៉េកាំងនឹងបន្តរក្សាសម្ពាធលើការការពារកោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុនបានធ្វើឱ្យប្រទេសចិនមានកំហឹង ដែលបានចាត់ទុកកោះស្វ័យគ្រប់គ្រងមួយនេះថាជាខេត្តមួយរបស់ខ្លួន ហើយបានឆ្លើយតបដោយការបាញ់សាកល្បងមីស៊ីលបាលីស្ទីកនៅលើទីក្រុងតៃប៉ិជាលើកដំបូង ព្រមទាំងការលុបចោលកិច្ចសន្ទនាមួយចំនួនជាមួយទីក្រុងវ៉ាស៊ីនតោន។ រយៈពេល និងទីតាំងជាក់លាក់នៃសមយុទ្ធចុងក្រោយនេះមិនទាន់ដឹងនៅឡើយនោះទេ។
ភ្លាមៗមុនពេលការធ្វើសមយុទ្ធចុងក្រោយដែលត្រូវបានប្រកាស ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកោះ Saint Vincent និង Grenadines លោក Ralph Gonsalves ដោយបានប្រាប់លោកថា លោកស្រីមានការរំភើបដោយការប្តេជ្ញាចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ច ទោះបីជាមានគំនាបយោធារបស់ប្រទេសចិនក៏ដោយ។ នាយករដ្ឋមន្ត្រីលោក Gonsalves បាននិយាយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះថា សមយុទ្ធយោធារបស់ចិន និងមិនអាចទប់ស្កាត់លោកមិនឲ្យមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់បាននោះទេ៕
អត្ថបទ៖ ប៊ុនថន