មណ្ឌលគិរី៖ មនុស្ស០៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តដឹកស៊ីទែនហ្គាស៍ខ្នាតធំមួយគ្រឿង បើកលឿនចុះចំណោតផ្លូវកែងជ្រុលចង្កូត បុករះតូបអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦ អស់ចំនួនបីខ្នង នៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាស៍ល្បឿនលឿនចំណុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ ក្នុងហេតុការណ៍នេះ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៨ សីហា ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ហេតុនៅឡើយ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាស៍ពេញ ដូច្នេះត្រូវរង់ចាំរថយន្តស្ទួចខ្នាតធំមកពីភ្នំពេញ ដើម្បីលើករថយន្តនោះចេញ និងបន្តពិនិត្យពីផលប៉ះពាល់ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។
ទោះជាយ៉ាងណាស្នងការនគរបាល ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍នៅទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
បើតាមសមត្ថកិច្ចថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬកៀបជាប់នៅក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយងងឹតទៀតកម្លាំង បានស្រែកហៅក៏មិនលឺដើររកក៏ពុំឃើញ។ រថយន្តម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ។ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះចៀសវាងមានគ្រោះថ្នាក់ផ្សេងកើតឡើង៕






