ភ្នំពេញ៖ ពិធីសែនក្បាលទឹកនៅឆ្នាំ២០២២ នឹងឈានដល់នៅថ្ងៃទី១២ខែសីហាខាងមុខនេះហើយ។ ជាមួយគ្នានេះ ក្រុមអាជីករផ្សារនៅរាជធានីភ្នំពេញ ឲ្យដឹងថា តម្លៃទំនិញដែលពាក់ព័ន្ធមួយចំនួនបានកើនថ្លៃជាបន្តបន្ទាប់ហ;យ ខណៈទំនិញមួយចំនួនផ្សេងទៀត រក្សាតម្លៃនៅដដែល។
ក្នុងកិច្ចសម្ភាសន៍ជាមួយអាជីវករផ្សារច្បារអំពៅ ព្រឹកថ្ងៃទី៨ ខែសីហានេះ ក្រុមអាជីករបានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវីដឹថា មិនខុសប្លែកនឹងឆ្នាំកន្លងៗទៅទេ មិនថាពិធីសែនក្បាលទឹក ចូលឆ្នាំចិន សែនឆេងម៉េង ឬភ្ជុំបិណ្ឌទេ ទំនិញតែងតែមានការប្រែប្រួល ជួនឡើងជួនចុះ ដោយសារការយកបន្តគ្នា ដើម្បីដាក់លក់រាយតាមបណ្តាផ្សារ។
ជាមួយគ្នានេះប្រជាពលរដ្ឋដែលរស់នៅតំបន់ច្បារអំពៅ និងមកពីស្រុកគៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងដែរថា ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែក្រោយនេះ ការចំណាយលើម្ហូបអាហារកើនឡើងច្រើន ពី ១ម៉ឺន ទៅ២ម៉ឺន ឬឈានដល់ ៣ម៉ឺនរៀល ក៏មាននៅក្នុងមួយថ្ងៃ។
តាមការបញ្ជាក់របស់អ្នកស្រង់តម្លៃទំនិញនៅផ្សារច្បារអំពៅ បានឲ្យប៊ីធីវី ដឹងថា គិតក្នុងរយះពេលក្រោយនេះជាការកត់សម្គាល់តម្លៃម្ហូបអាហារមិនមានការប្រែប្រួលច្រើនទេ អ្វីដែលផ្លាស់ប្តូរញឹកញាប់គឺមាសក្នុងស្រុក ប៉ុណ្ណោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី