ស្នូកឃ័រ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញការគាំទ្រពេញទំហឹងចំពោះសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាដែលបានរៀបចំពានរង្វាន់ King Snooker Cup 2022 ដោយឯកឧត្តមបានចាត់ទុកជាឱកាសពង្រឹងធនធាន ទាំងកីឡាករ និងមន្ដ្រីបច្ចេកទេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
ការបង្ហាញសុទិដ្ឋិនិយមនេះបន្ទាប់ពីពានរង្វាន់ King Snooker Cup 2022 ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ក្រោមកិច្ចសហការរវាងសហព័ន្ធជាមួយក្លិប King Snooker Sport នៅទីតាំងក្លិបផ្ទាល់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ក្នុងនោះក៏មានការចូលរួមពីលោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា តំណាងប្រធានសហព័ន្ធឯកឧត្តម ជុំ កុសល ផងដែរ។ ក្នុងនាមអាជ្ញាធរកីឡា និងជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកបច្ចេកទេសនៃគណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ការគាំទ្រដល់សហព័ន្ធក្នុងការរៀបចំការប្រកួតឲ្យបានច្រើន ក្នុងន័យផ្ដល់ឱកាសឲ្យកីឡាករបានចូលរួមប្រកួត និងដុះខាតសមត្ថភាពឲ្យកាន់តែខ្លាំង ពិសេសសម្រិតសម្រាំងបាននូវធនធានកីឡាករឆ្នើមៗ សម្រាប់គោលដៅឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជានាឆ្នាំក្រោយ។ ម្យ៉ាងក៏ជាឱកាសពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដើម្បីមានលទ្ធភាពរៀបចំការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលសហព័ន្ធសាមី មិនត្រឹមតែបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ដើម្បីប្រកួតប្រជែងមេដាយជូនជាតិនោះទេ តែក្នុងឋានៈជាម្ចាស់ផ្ទះ សហព័ន្ធក៏ត្រូវមានមន្ដ្រីបច្ចេកទេស ដូចជាអាជ្ញាកណ្ដាល-ចៅក្រមជាដើមដើម្បីចូលរួមរៀបចំការប្រកួតផងដែរ។
លោក ហេង សុវណ្ណ បានបញ្ជាក់ថា ដើម្បីត្រៀមឆ្ពោះស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធត្រូវការទាមទារនូវគុណភាពសមត្ថភាពកីឡាករ-កីឡាការិនីចម្បង ក្នុងគោលបំណងដើម្បីធានាការប្រកួតប្រជែងមេដាយជូនជាតិ។ តាមរយៈនេះ សហព័ន្ធនឹងបន្តការខិតខំរៀបចំការប្រកួតឲ្យបានកាន់តែច្រើន ដើម្បីឲ្យកាន់តែស្ទាត់ជំនាញលើផ្នែកបច្ចេកទេស អាចឈានទៅប្រកួតប្រជែងមេដាយក្នុងឋានៈជាម្ចាស់ផ្ទះ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំនេះ។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ពានរង្វាន់ King Snooker Cup 2022 នេះគ្រោងដំណើរការប្រកួត ៣សប្ដាហ៍ ដោយមានកីឡាករឆ្នើមៗ ១៦រូបចូលរួម និងបែងចែកជា ៤ពូលដើម្បីធ្វើការប្រកួតជម្រុះរហូតចម្រាញ់បានកីឡាករជ័យលាភី។ ក្រៅពីព្រឹត្តិការណ៍នេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតជាបន្ដបន្ទាប់ ពិសេសការត្រៀមរៀបចំការប្រកួតចំនួន ៦វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាខែវិច្ឆិកាខាងមុខតែម្ដង៕
អត្ថបទ៖ លី ឈុនឡា