អ៊ុយក្រែន៖ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃចន្ទថា ភាគីនីមួយៗកំពុងបាញ់ផ្លោងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង។

រុស្ស៊ីអះអាងថា ការបាញ់ផ្លោងរបស់កងកម្លាំងអ៊ុយក្រែនបានធ្វើឲ្យចរន្តភ្លើងបុកឡើងខ្លាំង និងឆេះ និងបានបង្ខំឲ្យបុគ្គលិកទម្លាក់ទិន្នផលផលិតពីម៉ាស៊ីនរ៉េអាក់ទ័រចំនួន២ ខណៈអ៊ុយក្រែនបានស្ដីបន្ទោសទាហានរុស្ស៊ីថា បានស្តុកអាវុធនៅទីនោះ។ ក្រុមអ្នកជំនាញនុយក្លេអ៊ែរបានព្រមានថា ការបាញ់ផ្លោងកាន់តែច្រើនទៅលើស្ថានីយថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលត្រូវបានរុស្ស៊ីវាយដណ្ដើមគ្រប់គ្រងកាលពីសង្គ្រាមដំណាក់កាលដំបូង កំពុងជួបគ្រោះថ្នាក់។ វិមានក្រឹមឡាំងបានបន្ទរកាលពីថ្ងៃចន្ទដោយអះអាងថា ក្រុង Kyiv កំពុងវាយប្រហាររោងចក្រ និងជំរុញឲ្យមហាអំណាចលោកខាងលិចបង្ខំឲ្យបញ្ឈប់ទង្វើនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបាញ់ផ្លោងទៅលើតំបន់រោងចក្រនុយក្លេអ៊ែរពីសំណាក់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មានគ្រោះថ្នាក់ខ្លាំងណាស់។ រោងចក្រនេះប្រឈមនឹងផលវិបាកដ៏មហន្តរាយសម្រាប់ដែនដីដ៏ធំជាច្រើន ក៏ដូចជាអឺរ៉ុបទាំងមូល។ ចំណែកអ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែនលោក Andriy Yusov បានទាត់ចោលដោយនិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះគ្រឿងផ្ទុះនៅរោងចក្រនោះ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់អ៊ុយក្រែន ដែលបានរំពឹងទុកនៅក្នុងតំបន់នេះ។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងវាយប្រហារចេញពីរោងចក្រនោះ និងប្រើប្រាស់កម្មករជនជាតិអ៊ុយក្រែននៅទីនោះធ្វើជាខែល៕
អត្ថបទ៖ សុខមាន