ប៉ាឡេស្ទីន៖ មេដឹកនាំក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីនលោក Ziyad Al-Nakhala បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធរបស់លោកនឹងលើកអាវុធឡើងជាថ្មីទៀត បើអ៊ីស្រាអែលរំលោភបទឈប់បាញ់សម្របសម្រួលដោយប្រទេសអេហ្ស៊ីប ដែលបានបញ្ចប់ការវាយប្រហារតាមអាកាស និងគ្រាប់រ៉ូកែតរយៈពេល ៣ថ្ងៃ។

អ៊ីស្រាអែល និងក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីនបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ឲ្យមានបទឈប់បាញ់ដែលបានចូលជាធរមានភ្លាមៗមុនយប់ជ្រៅ។ បទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយក្រុមអ្នកចរចាអេហ្ស៊ីប បានបញ្ចប់ការវាយប្រហារដោយគ្រាប់រ៉ូកែតរយៈពេល ៣ថ្ងៃពីសំណាក់ក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីន ៤៤នាក់ស្លាប់។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ លោក Al-Nakhala បានហៅប្រតិបត្តិការរបស់ក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីនថា ជាជ័យជម្នះ ខណៈដែលគ្មានជនជាតិអ៊ីស្រាអែលណាម្នាក់បានស្លាប់ដោយសារគ្រាប់រ៉ូកែតចំនួន ១,០០០គ្រាប់ ឬគ្រាប់រ៉ូកែតដ៏ច្រើនរបស់ក្រុមលោកដែលបានបាញ់ចេញពីតំបន់ Gaza។ ក្រុម Hamas ដែលជាអាជ្ញាធរគ្រប់គ្រងនៅតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីមិនបានចូលរួមក្នុងការវាយប្រហារនោះទេ៕
អត្ថបទ៖ សុខមាន