បាល់ទាត់៖ ខ្សែបម្រើហូឡង់ Frenkie de Jong ចង់បន្តស្នាក់នៅ Barcelona បន្តទៀត បើទោះជាមានការទាក់ទង់ស្អិតរមួតពី Manchester United មួយរយៈចុងក្រោយនេះក៏ដោយ នេះបើតាមការលើកឡើងរបស់ប្រធានក្លិប Barcelona លោក Joan Laporta។

ក្រុមបិសាចក្រហម Manchester United បានព្រមព្រៀងតម្លៃផ្ទេរ ៦៣.៥លានផោននាំយកកីឡាករវ័យ ២៥ឆ្នាំរូបនេះកាលពីខែមុន តែការផ្ទេរនៅទ្រឹងមិនទៅមុខមកដល់ពេលនេះ។ De Jong បានចូលលេងនៅវគ្គទី២ ក្នុងការប្រកួតដែល Barcelona យកឈ្នះក្លិបម៉ិកស៊ិក Pumas UNAM កាលពីថ្ងៃអាទិត្យ ៦-០។ បើតាមរបាយការព័ត៌មានមួយចំនួនឱ្យដឹងថា Barcelona ចង់ឱ្យ Frenkie de Jong កាត់ប្រាក់ឈ្នួលពាក់កណ្តាល ស្របពេលក្លិបកំពុងមានវិបត្តិហិរញ្ញវត្ថុនៅឡើយ។ បញ្ហាចម្រូងចម្រាសនៅពេលនេះគឺ De Jong មិនសប្បាយចិត្តជុំវិញរឿងប្រាក់ឈ្នួល ជាពិសេសគឺប្រាក់ឈ្នួលដែល Barcelona ជំពាក់ប៉ុន្មានឆ្នាំចុងក្រោយដោយសារវិបត្តិកូវីដ-១៩។
ថ្វីបើជាក្លិបដែលកំពុងមានបំណុលរុំកោះក៏ដោយ Barcelona បានចំណាយលុយជាង ១២០លានផោនហើយនៅរដូវក្តៅនេះក្នុងការនាំចូលកីឡាករថ្មីដែលរួមមាន Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla បូករួមទាំងកីឡាករដែលមកដល់ដោយគ្មានតម្លៃផ្ទេរ Andreas Christensen ពី Chelsea និង Franck Kessie ពី AC Milan។ ព័ត៌មានចុងក្រោយនេះដែរគឺខ្សែការពារអេស្ប៉ាញ Marcos Alonso ក៏ខិតជិតផ្ទេរពី Chelsea មកកាន់ Barcelona ផងដែរ៕
អត្ថបទ៖នាង សុភាវុធ