កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថានដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តកំពង់ឆ្នាំង នៅមន្ទីរសុខាភិបាលខេត្ត។
សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ លើការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ជាពិសេសតួនាទីម្ចាស់ទីតាំងសេវាសុខាភិបាលឯកជននៅមូលដ្ឋានលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្ររបស់ខ្លួន ដែលតម្រូវឱ្យមានការញែក ការវេចខ្ចប់ ទុកដាក់សំណល់វេជ្ជសាស្ត្រឱ្យត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមសំណល់ទូទៅ និងត្រូវប្រើប្រាស់សេវាប្រមូលសំណល់វេជ្ជសាស្ត្រដែល មានការទទួលស្គាល់ពីក្រសួងបរិស្ថាន។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ កិច្ចគាំពារបរិស្ថាន ត្រូវបានចាត់ទុកជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងសូចនាករ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញនូវទិសដៅ និងវិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដោយបានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលក្រុង ស្រុកទទួលខុសត្រូវ ។ សំណល់វេជ្ជសាស្ត្រជាសំណល់ត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានសេវាថែទាំសុខភាពនៅតាមមូលដ្ឋាន និងដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្ស សត្វ និងរុក្ខជាតិ តាមរយៈការបង្កការពុល ការចម្លងរោគ ការរាតត្បាតនៃជំងឺជាដើម ប្រសិនបើគ្មានការគ្រប់គ្រង និងទុកដាក់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដាច់ដោយឡែកពីសំណល់ធម្មតា។ ជាក់ស្តែង វិសាលភាពការគ្រប់គ្រងសំណល់ប្រភេទនេះ បានអនុវត្តត្រឹមតែក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនខេត្ត ស្រុក មួយ ចំនួនប៉ុណ្ណោះ ដោយបានប្រើប្រាស់នូវប្រភេទឡដុតសំណល់ដែលមិនមានស្តង់ដារទាំងកម្រិតកំដៅ និងប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ និងការសាយភាយសារធាតុគ្រោះថ្នាក់នានា។ ទន្ទឹមនឹងនេះ សំណល់វេជ្ជសាស្ត្រមួយចំនួនត្រូវបានប្រមូលដាក់លាយឡំជាមួយនឹងសំណល់លំនៅដ្ឋាន សំរាម និងសំណល់ទីប្រជុំ ជនដែលបានបង្កនូវបញ្ហាប្រឈមជាច្រើនដល់សុខភាពសាធារណៈ និងបរិស្ថាន។
សិក្ខាសាលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ លើការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា និងផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ជាពិសេស តួនាទីរបស់ម្ចាស់ទីតាំងសេវាសុខាភិបាលឯកជននៅមូលដ្ឋាន លើការគ្រប់គ្រង សំណល់វេជ្ជសាស្ត្ររបស់ខ្លួន ដែលតម្រូវឱ្យមានការញែក ការវេចខ្ចប់ទុកដាក់សំណល់វេជ្ជសាស្ត្រឱ្យត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាម សំណល់ទូទៅ និងត្រូវប្រើប្រាស់សេវាប្រមូលសំណល់វេជ្ជសាស្ត្រដែលមានការទទួលស្គាល់ពីក្រសួងបរិស្ថាន។ សិក្ខាកាមទាំងអស់ ត្រូវចូលរួមយកចិត្តទុកដាក់ស្ដាប់បទឧទ្ទេសនាម និងចូលរួមពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាអតិបរមា ក្នុងទិសដៅបង្កើនប្រសិទ្ធភាពការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងប្រទេស ៕ អត្ថបទ៖ ហុង វាស្នា






