UN៖ អង្គការសហប្រជាជាតិបានចេញការអំពាវនាវមនុស្សធម៌ ដែលបានសម្របសម្រួលសម្រាប់មូលនិធិបន្ថែមចំពោះវិបត្តិនៅអ៊ុយក្រែន។

លោក Stéphane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទថា តម្រូវការហិរញ្ញវត្ថុបានកើនឡើងពី 2.25ពាន់ដុល្លារដល់ 4.3ពាន់លានដុល្លារ ហើយប្រជាជនអ៊ុយក្រែនជាងមួយភាគបួននឹងត្រូវការជំនួយមនុស្សធម៌នៅចុងឆ្នាំនេះ។ លោកនិយាយថា ក្នុងអំឡុងពេលសង្គ្រាម 5ខែដំបូងយ៉ាងហោចណាស់ប្រជាជនអ៊ុយក្រែន 2.3លាននាក់បានទទួលជំនួយជាសាច់ប្រាក់។ លោក Dujarric បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បុគ្គលិកផ្នែកមនុស្សធម៌របស់យើងបានព្រមានថា នៅក្នុងរដូវរងាខាងមុខស្ថានភាពអាចកាន់តែលំបាកជាងនេះ ខណៈមនុស្សកាន់តែច្រើននឹងត្រូវជម្លៀសចេញពីលំនៅឋាន នៅតំបន់ដែលមានលទ្ធភាពប្រើប្រាស់ឧស្ម័ន ប្រេងឥន្ធនៈ ឬអគ្គិសនីមានកម្រិតកំណត់។
កាលពីថ្ងៃចន្ទទូរទស្សន៍រដ្ឋរុស្ស៊ីបានចេញផ្សាយវីដេអូ នូវអ្វីដែលពួកគេនិយាយថា ជាការបាញ់ផ្លោងរបស់អ៊ុយក្រែននៅទីក្រុង Donetsk។ យោងតាមការរាយការណ៍របស់ទូរទស្សន៍បានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ និងបានវាយប្រហារទីក្រុងនេះចំនួន 8គ្រាប់ក្នុងរយៈពេលពីរម៉ោងកាលពីថ្ងៃចន្ទ។ អាជ្ញាធរផ្តាច់ខ្លួនបានអះអាងថា មនុស្ស 2នាក់បានស្លាប់ និង 5នាក់រងរបួស។ ដោយសារតែការបំផ្លាញ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា មនុស្សជាង 3ម៉ឺននាក់ត្រូវរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់នេះ៕
អត្ថបទ៖ ប៊ុនថន