ភ្នំពេញ៖ ដើមសប្ដាហ៍នេះ អន្តរក្រសួង បានរៀបចំកិច្ចប្រជុំពីសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជុំវិញកិច្ចការនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ហៅកាត់ថា NGO FORUM បង្ហាញការគាំទ្រ និងចង់ឱ្យមានការពន្លឿន ក៏ដូចជាការបង្ហាញផ្សព្វផ្សាយសេចក្ដីព្រាងទាំងមូលឱ្យបានទូលំទូលាយ។
បញ្ហាព្រៃឈើ ជាប្រធានបទមានការចាប់អារម្មណ៍ច្រើន ជាពិសេសខណៈពេលមានការឈូសឆាយព្រៃឈើ ក្នុងតំបន់ភ្នំតាម៉ៅ ដោយក្រុមហ៊ុនអភិវឌ្ឍន៍។ យ៉ាងណាម៉ិញសកម្មភាពនេះ ត្រូវបានបញ្ឈប់ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតម្រូវឱ្យក្រុមហ៊ុនឈូសឆាយត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលឈូសឆាយរួច។
ភ្ជាប់ជាមួយរឿងព្រៃឈើនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០៨ ខែសីហាម្សិលម៉ិញ បានរៀបចំកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
កិច្ចប្រជុំនេះ ក៏មានការចាប់អារម្មណ៍ ពីខាងអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការងារបរិស្ថាន។ ជាក់ស្ដែងសម្រាប់ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ហៅកាត់ថា NGO FORUM ក៏គាំទ្រចំពោះកិច្ចការនេះដែរ។
លោក ភាព សុភា ប្រធានកម្មវិធីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ របស់ NGO FORUM លើកឡើងបន្ថែមថា ភ្ជាប់ជាមួយការគាំទ្រ និងគោលបំណងឱ្យពន្លឿនលើកិច្ចការនេះ គឺលោកចង់ឱ្យមានការចែករំលែកឱ្យទូលំទូលាយនូវសេចក្ដីព្រាងច្បាប់ទាំងមូល ដើម្បីក្រុមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់អាចពិនិត្យមើល និងផ្ដល់ជាធាតុចូលបន្ថែមនូវចំណុចខ្វះខាត សម្រាប់ផលប្រយោជន៍រួម។
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ទាំង ៣នេះ សម្ដេចក្រឡាហោម ស ខេង ក្នុងកិច្ចប្រជុំកាលពីម្សិលម៉ិញ បញ្ជាក់ថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ៕ អត្ថបទ៖ គឹមហុក