បាល់ទាត់៖ ក្លិប Everton បានសំរេចក្នុងការនាំយកខ្សែការពារអង់គ្លេស Conor Coady ពីក្លិបរួមលីគ Wolverhampton ក្នុងកិច្ចសន្យាខ្ចីពេញមួយរដូវកាល។
Everton ដែលដឹកនាំដោយ Frank Lampard កំពុងមានវិបត្តិខ្សែការពារធ្ងន់ធ្ងរ បន្ទាប់ពីកីឡាករសំខាន់ពីររូបរួមមាន Ben Godfrey និង Yerry Mina រងរបួសអំឡុងការប្រកួតដំបូង English Premier League រដូវកាលថ្មីនេះចាញ់ Chelsea កាលពីថ្ងៃសៅរ៍។ កីឡាករដែលមានដើមកំណើតនៅ Merseyside វ័យ ២៩ឆ្នាំរូបនេះទទួលបានអាវលេខ ៣០ នៅ Everton។
Conor Coady គឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Liverpool និងបានផ្លាស់ទៅប្រកបអាជីពនៅ Huddersfield មុនពេលផ្ទេរទៅ Wolves នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះបង្ហាញខ្លួនបានជាង ៣០០ប្រកួត។ Conor Coady នឹងត្រូវសហការនៅតំបន់ការពាររបស់ Everton ជាមួយ James Tarkowski, Michael Keane និង Mason Holgate។ Wolves នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Fulham ថ្ងៃសៅរ៍សប្តាហ៍នេះក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ